គណៈសង្ឃពុទ្ធសាសនា ច្រាន​ចោល​ការ​បកស្រាយ​របស់បុគ្គល ប៊ុត ប៊ុន​តិញ លើគោរម្យ៍​ងារ​«ពុទ្ធមាម​កាភិ​បាល»

គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានច្រានចោលការបកស្រាយតាមបណ្តាញសង្គមហ្វេសប៊ុក របស់បុគ្គល ប៊ុត ប៊ុន​តិញ ពាក់ព័ន្ធនឹងការទទួលបានគោរម្យ៍ងារ«ពុទ្ធមាមកាភិបាល» ពីអង្គការ​ពុទ្ធសាសនិកពិភពលោក សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា កាលពី​ថ្ងៃទី២ ខែឧសភា ។

ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៣ ខែឧសភានេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានចាត់​ទុក​ថា ការបកស្រាយរបស់បុគ្គល ប៊ុត ប៊ុនតិញ ​គឺ​ក្នុង​ន័យ​មួលបង្កាច់​បន្តុះបង្អាប់កិត្តិយស សម្តេច​តេជោនាយករដ្ឋមន្ត្រី ដោយបកប្រែខុស អត្ថន័​យ​​ខ្លឹមសារ នៃបរិបទភាសាបាលី លើគោរម្យងារនេះទាំងស្រុង។

ទន្ទឹមគ្នានេះ គណៈសង្ឃពុទ្ធសាសនា ថាការបកស្រាយតាមភាពត្រឹមត្រូវ នៃភាសាបាលី​គឺ គោរ​ម្យ៍ងារ ពុទ្ធមាមកា​ភិបា​ល មកពីបាលីថា ពុទ្ធ+មាមក+អភិបាល ប្រែថាអ្នករក្សា​ដ៏ក្រៃលែ​ង​នូវ អ្នកគោរពស្រឡាញ់រាប់អានព្រះពុទ្ធសាសនា។ បុគ្គល ប៊ុត ប៊ុនតិញ បានយល់ខុសដោយ​ខ្លួន​ឯង ឆ្កួតដោយខ្លួនឯង មានភាពល្ងង់ខ្លៅខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ខ្វះចំណេះ ដឹងផ្នែក​ភាសាបាលី បានជាហ៊ានលើកឡើងផ្តេសផ្តាស និងបកស្រាយខុសទាំងងងឹតងងុល។

ផ្អែកលើមូលដ្ឋាននេះ គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានប្រកាសជាចំហរ និងដាច់អហង្ការថា បុគ្គល ប៊ុត ប៊ុនតិញ នេះមិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គល​អសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែង​បន្លំ​ក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដោយប្រព្រឹត្តអំពើទុច្ចរិត និងអនាចារផ្សេងៗ​គ្រប់រូបភាព។

គួរបញ្ជាក់ថា អង្គការពុទ្ធសាសនិកពិភពលោក ដែលមានសមាជិកអ្នកកាន់ពុទ្ធសាសនា ៥៥ ប្រទេស បានប្រគល់ជូនគោរម្យ៍ងារកិត្តិយសដ៏ឧត្តុង្គឧត្តមចំពោះសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឈ្មោះថា “ពុទ្ធមាមកាភិបាល” ។ ព្រះសង្ឃ និងមហាពុទ្ធបរិស័ទក្នុងពិភពលោក បានសម្តែងនូវអំណរសាទរ និងអនុមោទនាចំ​ពោះ​ការទទួលបាន នូវគោរម្យងារពុទ្ធសាសនាដ៏ខ្ពង់ខ្ពស់ថ្លៃថ្លានេះ ៕

អត្ថបទ៖ សីហា