ក្រុមស្រាវជ្រាវប្រទះឃើញកូនៗសត្វត្រយងចង្កំក-ស និងសត្វត្រដក់តូច ដែលជាសត្វកម្របំផុតនៅក្នុងដែន​ជម្រកសត្វ​ព្រៃសំបូរ

អង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពទាក់ទងជាមួយការអភិរក្ស មានឈ្មោះ WWF -Cambodiaបានឱ្យដឹងថា ដោយមានកិច្ចសហការ​ជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន ៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានស្វែងរកទីតាំងសំបុកនៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន។ 

WWF-Cambodia បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អំពី​លទ្ធផលនៃបេសកកម្មដែលមានរយៈពេល បួនថ្ងៃរបស់ខ្លួនថា ទទួលបាន​នូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន៖ សំបុកសត្វត្រយងចង្កំក-ស ចំនួន ១២ សំបុក ,សំបុកសត្វត្រដក់តូចចំនួន ៥ សំបុកនិង សំបុកសត្វត្មាតភ្លើង ចំនួន ១ សំបុក។

ប្រភពដដែលបន្តថា កាន់តែអស្ចារ្យថែមទៀតនោះគឺ ក្រុមការងារថែមទាំងបាន​ប្រទះឃើញកូនសត្វត្រយងចង្កំក-ស ចំនួន ៨ ក្បាល និងកូនសត្វត្រដក់តូចៗ​ចំនួន ៥ ក្បាលផងដែរ ដែលកំពុងហោះហើរចេញពីសំបុករបស់ពួកវា។ តាមរយៈ​លទ្ធផល​នេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍​ចំពោះកិច្ចការអភិរក្ស ដោយសារយើងអាចប្រមូលទិន្នន័យ​សំខាន់ៗសម្រាប់​ការយល់ដឹងឱ្យបានច្បាស់ និងពីរបៀបដែលយើងអាចធ្វើសកម្មភាពការពារ​សត្វស្លាបដែលងាយរងគ្រោះ​ទាំងនេះឱ្យជៀសផុតពីហានិភ័យបានយ៉ាង​ល្អបំផុត។

សូមជម្រាបថា សត្វត្រយងចង្កំកស មានឈ្មោះវិទ្យាសាស្ត្រថា Pseudibis davisoni ជាប្រភេទសត្វជិតផុតពូជបំផុត (CR) លើពិភពលោក ក្នុង​បញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំ នៅប្រទេសកម្ពុជាយើង ច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅ​ភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។

វាមាន​មាឌ​តូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅ​ពេលវាហើរ។

ចំណែកសត្វ ត្រដក់តូច គឺជាសត្វស្លាបមានមាឌធំ មានកម្ពស់រហូត​ដល់១៣០សង់ទីម៉ែត្រ ហើយស្លាបរបស់វា​ពីម្ខាង​ទៅម្ខាងទៀតមាន​ប្រវែងជាង២ម៉ែត្រ។ ទោះបីជា ចំនួនរបស់វានៅលើសាកលលោក​ត្រូវបានគេប៉ាន់ប្រមាណថាមានជាង មួយម៉ឺនក្បាល ប៉ុន្តែតួលេខនេះ​កំពុងតែធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី៕