ក្រសួងវប្បធម៌ មានចំណាត់ការចំពោះអ្នកផលិតបទចម្រៀងបែប Diss Track ដែលមានលក្ខណៈវាយប្រហារ ចំអកឡកឡឺយ​ ឬមើលងាយអ្នកដទៃ

ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពិនិត្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ ជុំវិញការផលិតបទចម្រៀងបែប Diss Track ដែលមានលក្ខណៈវាយប្រហារ ចំអកឡកឡឺយ ​ឬមើលងាយដល់អ្នកដទៃ។ នេះបើតាមប្រភពព័ត៌មានដែល Karpit News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា បទចម្រៀងបែប Diss Track ឬ Diss song ជាប្រភេទបទចម្រៀងដែលមានគោលដៅវាយប្រហារ ចំអកឡកឡឺយ​ ឬបញ្ឆិតបញ្ឆៀងទៅកាន់នរណាម្នាក់ ដោយភាគច្រើនចម្រៀង​ប្រភេទ​នេះ​គេ​ប្រើ​ជា​ចង្វាក់​ Hip Hop ឬ​ Rap។ បទ Diss ភាគច្រើនតែងតែជាលទ្ធផលនៃជម្លោះដែលមានស្រាប់ កើតឡើងរវាងមនុស្ស២នាក់ ឬ ២ក្រុម ប៉ុន្តែចំណាប់ចុងជួននៃបទនីមួយៗ​គឺបានបង្ហាញពីទេពកោសល្យពិតប្រាកដរបស់សិល្បករទាំងនោះ។

នាពេលថ្មីៗនេះ បទចំរៀងឆ្លើយតបបែប Diss Track របស់តារាចម្រៀង Rap នៅកម្ពុជា បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ ដោយសារវាមានអត្ថន័យចាក់ដោតខ្លាំងទៅកាន់ដៃគូរបស់ខ្លួន។ ជាងនេះទៅទៀត ក៏មានការអុចបន្ថែមពីក្រុមអ្នកគាំទ្រ (ហ្វេន) តារាចម្រៀងទាំងនោះ រហូតដល់មានការបញ្ចេញមតិមិនសមរម្យ ជេរប្រទិច ឌឺដងគ្នា ឬថែមទាំងរហូតដល់មានជម្លោះពាក្យសម្តីលើបណ្តាញសង្គមទៀតផង។

កន្លងទៅសមាគមអ្នកនិពន្ធខ្មែរ បានមើលឃើញថា សីលធម៌មួយផ្នែកធំបានធ្លាក់ ដោយសារមកពីចម្រៀងបំពុល និងទស្សនីយភាពមិនសមរម្យ។ សមាគមអ្នកនិពន្ធខ្មែរ ធ្លាប់បានបញ្ជាក់ថា ចម្រៀងដែលមានគុណភាពល្អត្រូវមានធាតុផ្សំដូចជា ការកម្សាន្ត អប់រំ លើកតម្លៃស្រ្តី លើកតម្លៃសង្គម លើកទឹកចិត្ត មិនបង្ហាញពីកំហឹង និងហឹង្សា។ ក្រៅពីធាតុផ្សំទាំងនេះ ចាត់ទុកជាចម្រៀងបំពុលសង្គម៕

អត្ថបទ៖ អក្ខរា