សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១០និង១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ។
អញ្ជើញអមដំណើរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅកាន់ប្រទេសហ្វីលីពីន រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជននៃ សភាពាណិជ្ជកម្មកម្ពុជា។
បើតាមការបញ្ជាក់របស់ ឯកឧត្តម មាស សុភណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្រ្តី ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr.ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ។ បន្ទាប់ពីជំនួបពិភាក្សានេះ ថ្នាក់ ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា មួយចំនួន។
ឯកឧត្តម មាស សុភណ្ឌ បន្តថា ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ប្រធានព្រឹទ្ធសភា និង ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន ។ សម្តេចបវរធិបតី ក៏នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើក ក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ព្រមទាំងជួបជាមួយបណ្តាក្រុមហ៊ុនហ្វីលីពីន ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋហ្វីលីពីននេះ នឹងផ្តល់សន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែល មានស្រាប់ រវាងប្រទេសទាំងពីរ ៕
អត្ថបទ៖ ពុទ្ធិកា


