ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងបើកផ្លូវថ្មើជើង(Walk street) នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញគឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិ ដោយពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវគិតគូររកគន្លឹះនៃការទាក់ទាញ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងអង្គប្រជុំដកបទពិសោធន៍ផ្លូវថ្មើជើង(Walk street) នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រោយពីបើកសាកល្បងផ្លូវថ្មើជើង(Walk street) រយៈពេល២ថ្ងៃ នាសប្តាហ៍មុននេះឃើញថា មានអ្នកគាំទ្រនិងចូលទៅដើរលេងកំសាន្តច្រើន ពោលគឺនៅថ្ងៃទី២ បានកើនឡើងច្រើនជាងថ្ងៃទី១។ នេះបានបង្ហាញឱ្យឃើញពីភាពជោគជ័យមួយជំហានហើយ។ ទន្ទឹមនឹងនេះយើងក៏បានមើលឃើញពីចំណុចចន្លោះប្រហោងមួយចំនួនផងដែរ។ ដូច្នេះហើយទើបយើងបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីរកធាតុចូលយកមកអនុវត្តឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ថា ជាជំហានបន្តនេះ យើងត្រូវដោះស្រាយរកចំណតសំរាប់ម៉ូតូ សំរាប់បងប្អូនប្រជាពលរដ្ឋដែលមកដើរលេងកំសាន្តនៅផ្លូវថ្មើជើង(Walk street)នេះ។ បន្តមកទៀតការរៀបចំឱ្យការប្រគំតន្ត្រីសម័យបុរាណ(របាំងគោះត្រឡោក ចាប៉ីដងវែង)កន្លែងគូរគំនូរ កន្លែងអានសៀវភៅ ឬបណ្ណាល័យចល័ត កន្លែងវត្ថុអនុស្សាវរីយ៍ កន្លែងលេងសៀករហ័សកម្មជាដើម។ តាមរយៈការបើកដំណើរការសាល្បងផ្លូវថ្មើជើង(Walk street) ២ថ្ងៃកន្លងមកនេះ បើយើងបន្ថែមការរៀបចំចំណតម៉ូតូនិងការរៀបចំការប្រគុំតន្ត្រីសម័យ បុរាណច្រើនទៀតនោះ ភ្ញៀវនឹងមកលេងកំសាន្តកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្ដមឃួង ស្រេង ក្នុងកិច្ចប្រជុំនោះក៏បានជម្រុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ដាក់ភ្លើងបំភ្លឺនៅកន្លែងដែលមានភាពងងឹត បំពាក់អំពូលភ្លើងទាក់ទាញ ជម្រុញឱ្យមានការសំអាតអនាម័យបរិស្ថាន សំខាន់ទីតាំងនេះត្រូវតែស្អាតមានសោភណ្ឌភាពជាកន្លែងទាក់ទាញ។ ជាមួយគ្នានេះត្រូវបន្ថែមខ្សែរត់ របស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈចំនួន៣ខ្សែដែលមានស្រាប់មកកាន់ទីតាំងផ្លូវថ្មើជើង(Walk street) ដោយបន្ថែមម៉ោងរហូតដល់ម៉ោង១១យប់ ដើម្បីដឹកប្រជាពលរដ្ឋទៅលំនៅដ្ឋានវិញ។ខ្សែ រត់រថយន្តក្រុងដែល កំពុងប្រតិបត្តិការនៅក្បែរតំបន់ ផ្លូវ ថ្មើរ ជើង មានចំនួនមាន៣ខ្សែរត់ ទី២A, ៣ និង៤A៖
-ខ្សែ ទី ២A ចេញ ដំណើរ ពី ស្ថានីយ រថយន្ត ក្រុង កួច កាណុង ដល់ ស្ថានីយ រថយន្ត ក្រុង ព្រែកសំរោង (ក្រុងតាខ្មៅ)
-ខ្សែទី៣ ចេញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២
-ខ្សែទី៤Aចេ ញ ដំណើរ ពី ស្ថានីយ សួន ច្បារ ឬស្សីកែវ ដល់ ស្ថានីយ បុរី សន្តិភាព ២។
គួរបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណង់ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕




