សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មិនដែលចាត់ទុកលោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។ ការបញ្ជាក់របស់សម្តេចធ្វើឡើងក្រោយលោក សេង សារី ឆ្លេីយឆ្លងជាមួយវិទ្យុអាស៊ីសេរីកាលពីរាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងមានវត្តមាននៅប្រទេសឡាវក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅទីនោះ បានសម្រេចចិត្តផ្ដាំផ្ញើសារមួយតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅរាត្រីថ្ងៃទី៦កុម្ភៈម្សិលមិញ បន្ទាប់ពីលោក សេង សារី អ្នកវិភាគនិរទេសខ្លួននៅប្រទេសអូស្ដ្រាលីបាននិយាយភូតកុហកនៅក្នុងកម្មវិធីឆ្លើយឆ្លងមួយរបស់វិទ្យុអាស៊ីសេរីករណីបែកធ្លាយសារសំឡេងឆ្លងឆ្លើយរវាងសម្ដេចតេជោជាមួយនិងអ្នកវិភាគរូបនេះ។
សម្តេចតេជោបានសរសេរគូសបញ្ជាក់ថា ក្រោយបានស្ដាប់បទសម្ភាសរបស់លោក សេង សារី ជាមួយលោក ចន្ទ័ ជុនបុត្រ សម្ដេចបានលើកឡងថា សម្ដេចមានឯកសារជាអក្សរ ជាសំឡេងជាច្រើនរាប់ការនិយាយតាមទូរសព្ទដែលលោក សេង សារី សុំលុយទៅអាមេរិកដើម្បីចូលគៀកជាមួយអ្នកស្រី មួ សុខហួរ លោក អេង ឆៃអៀង និងការសុំជួយបង្កើតគណបក្សផ្ទាល់ផងដែរ។
សម្ដេចតេជោបានបញ្ជាក់ថា សម្ដេចមិនដែលចាត់ទុកលោក សេង សារី ជាចារកម្ម ឬជាចំណាប់ខ្មាំងនោះឡើយតែចាត់ទុកជាអ្នកពិគ្រោះនយោបាយមួយរូប។
ក្នុងគ្រាដែលអ្នកវិភាគរូបនេះ បាននិយាយលាបព័ណ៌សម្ដេចថាបានគំរាមបញ្ចេញសារឆ្លើយឆ្លងកន្លងមកនោះ សម្ដេចបញ្ជាក់ថា សម្ដេចមិនដែលគំរាមលោក សេង សារី តាមរយៈការបញ្ចេញការនិយាយឆ្លងឆ្លើយនោះឡើយ និងបានសង្កត់ធ្ងន់ថាប្រសិនលោក សេង សារី មានសំឡេងសូមបញ្ចេញឲ្យសម្ដេចបានស្តាប់ផង។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកវិភាគមាននិន្នាការលំអៀងនេះថា សំឡេងបែកធ្លាយនេះវាស្រាលណាស់បើប្រៀបធៀបជាមួយសំឡេងនិងសារឆ្លងឆ្លើយដែលកំពុងរក្សាទុក។ សម្ដេចបន្ថែមថា បើទោះលោក សេង សារី និយាយខុសការពិតក៏សម្ដេចមិនបញ្ចេញនូវឯកសារទាំងនេះដែរព្រោះទោះយ៉ាងណាក៏លោក សេង សារី ហៅសម្ដេចថាពុករយៈពេល៤ឆ្នាំហើយដែរ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា សម្ដេចផ្តល់ការអាណិតចំពោះលោក សេង សារី និងគ្រួសារ ខណៈពេលដែលអ្នកវិភាគរូបនេះរស់នៅបាងកក។ ដោយសម្ដេចផ្តល់នូវប្រាក់បង់រំលោះផ្ទះដែលនៅជំពាក់គេ និងផ្តល់ថវិកា១ម៉ឺនដុល្លារក្នុងមួយខែរយៈពេល១២ខែស្មើ១២ម៉ឺនដុល្លារនេះមិនទាន់គិតពីថវិកាដែលលោក សេង សារី ស្នើសុំពីអូស្ត្រាលីដើម្បីធ្វើដំណើរទៅអាមេរិកនិងត្រៀមបង្កើតគណបក្ស។
សម្ដេចតេជោគូសបញ្ជាក់ជាថ្មីថា សម្ដេចចាត់ទុកលោក សេង សារី ជាកូនមិនដែលចាត់ទុកជាចារកម្មឬជាចំណាប់ខ្មាំងនោះទេ។ ហើយសម្ដេចគោរពដល់ការសម្រេចចិត្តរបស់លោក សេង សារី ដូចជាការសុំបង្កើតបក្សនិងស្នើឱ្យសម្ដេចគាំទ្រ។
ទាក់ទិននឹងការបង្កើតគណបក្សនេះដែរ សម្ដេចបានរម្លឹកទៅលោក សេង សារី ថា “កូននៅចាំទេ កូននៅអូស្ត្រាលីចុះហត្ថលេខាដាក់ថាធ្វើនៅ ភ្នំពេញ។ ក្រសួងមហាផ្ទៃបដិសេធជាការត្រឹមត្រូវ។ កូនសួរពុកថាតើធ្វើបែបណាទៀតពុក? ពុកប្រាប់ថារកមនុស្សនៅក្នុងប្រទេសចុះហត្ថលេខាបង្កើតគណបក្សទៅ។” នេះជាប្រភេទពិគ្រោះយោបល់មិនមែនជាចារកម្មនោះទេ។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក សេង សារី ដែរថា បទសម្ភាសរបស់លោកនៅវិទ្យុអាស៊ីសេរីគឺជាការវាយទម្លាក់តម្លៃខ្លួនឯង និងបានផ្ដាំទៅអ្នកវិភាគរូបនេះថា អាចភូតអ្នកដទៃបានតែកុំភូតខ្លួនឯង និងកុំភូតឯកសារសម្ងាត់ដែលមានក្នុងដៃសម្ដេច៕
