សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាហុងគ្រី

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Márta Mátrai អនុប្រធានទី១ នៃសភាជាតិហុងគ្រីចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចតេជោបានគូសបញ្ជាក់ដោយក្តីរីករាយថា វត្តមានរបស់គណៈប្រតិភូមកពីគណបក្សប្រឆាំងនៅប្រទេសហុងគ្រីនាពេលនេះ បង្ហាញឱ្យឃើញច្បាស់អំពីកុងសង់ស៊ីសរបស់ប្រទេសហុងគ្រីលើទំនាក់ទំនងជាមួយកម្ពុជា ទោះបីជាប្រវត្តិនៃទំនាក់ទំនងនេះបានឆ្លងកាត់ដំណាក់កាល និងរបបខុសៗគ្នាអស់រយៈពេល៦៩ឆ្នាំក៏ដោយ។ សម្តេចបានបន្ថែមថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រនិងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ។

សម្តេច បានរំលឹកអំពីប្រវត្តិនៃដំណើរទស្សនកិច្ចជាញឹកញ៉ាប់របស់ សម្តេច ទៅហុងគ្រីចាប់តាំងពីពេលសម្តេច ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ សម្តេចបានចង្អុលបង្ហាញថា ទោះបីស្ថានភាពកម្ពុជាមានការផ្លាស់ប្តូរ ដូចជាការផ្ទេរអំណាចរបស់សម្តេច ជូនអ្នកដឹកនាំបន្តវេនរាជរដ្ឋាភិបាលថ្ម៏ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា និងហុងគ្រី មិនផ្លាស់ប្តូរដែរ។

ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងអំពីការធ្វើទស្សនកិច្ចរបស់សម្តេចចំនួនពីរលើកនៅប្រទេសហុងគ្រី និងទស្សនកិច្ចរបស់ប្រធានាធិបតីហុងគ្រីនៅកម្ពុជា នៅឆ្នាំ២០១៩ ហើយសង្ឃឹមថានឹងមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្តទៀត ជាពិសេសព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាពេលខាងមុខ។

ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាស្នូល ដោយភាគីទាំងពីរអាចស្វែងរកចំណុចកិច្ចសហប្រតិបត្តិការណា ដែលភាគីទាំងពីរអាចសម្រេចបាន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងតាមសក្តានុពលដែលមាន។ ទោះយ៉ាងនេះក្តី សម្តេចបានលើកបន្ថែមថា ភាគីទាំងពីរក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ផងដែរ ដូចជា វិស័យវប្បធម៌ និងជាពិសេស អប់រំ។

នៅក្នុងបរិបទនេះ សម្តេចបានអំពាវនាវឱ្យភាគីហុងគ្រី បន្តជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំងពីពេលសម្តេច ជាប្រមុខរាជរដ្ឋាភិបាល។ នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សម្តេចតេជោ បានជម្រាបជូនលោកជំទាវអំពីការផ្តោតអាទិភាពរបស់ព្រឹទ្ធសភាកម្ពុជា ទៅលើវិស័យចំនួន២ ដែលនោះគឺ ការលើកកម្ពស់ការទូតសភា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកិច្ចការការបរទេស នៅក្នុងបរិបទដែលស្ថានភាពភូមិសាស្រ្តនយោបាយតំបន់និងពិភពលោកមានភាពតានតឹង និង ស្មុគស្មាញ និងការធ្វើគណនេយ្យភាពចំពោះអង្គបោះឆ្នោត ដើម្បីសមាជិកព្រឹទ្ធសភាសហការជាមួយអង្គបោះឆ្នោតផ្សាភ្ជាប់ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ក្នុងស្មារតីលើកកម្ពស់ការទូតសភា សម្តេច បានសម្តែងនូវបំណងប្រាថ្នាឱ្យមានការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាហុងគ្រីផងដែរ។

ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចបានថ្លែងអំណរគុណហុងគ្រីដែលបានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី ហើយសម្តេចបានគូសបញ្ជាក់ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។ ក្រៅពីនេះ សម្តេចតេជោ បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងបញ្ហាតំបន់ និងអន្តរជាតិ និងគោលនយោបាយរបស់ប្រទេសមហាអំណាចផងដែរ៕