ហុងគ្រី ចាត់ទុកកម្ពុជាជាប្រទេសគំរូមួយលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស

រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី ក្នុងពេលចូលជួបសម្តែងការគួរសម សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកជំទាវ Marta Martrai បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពជាមួយគ្នា ហើយគណៈប្រតិភូរដ្ឋសភាហុងគ្រី ក៏បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពី​ខែវិច្ឆិកា កន្លងទៅនេះ។ នៅក្នុងបរិបទនេះ លោកជំទាវ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យការទូតសភា ដែលនឹងរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកជំទាវបានសម្តែងនូវក្តីជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីនានាផ្សេងទៀត ដូចជា រវាងអាស៊ាន និងសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ទំនាក់ទំនងកម្ពុជា និង​ហុងគ្រី កាន់តែមានភាពល្អប្រសើរឡើង។ ឆ្លៀតឱកាសនោះ លោកជំទាវ បានជម្រាបជូន សម្តេចតេជោ អំពីគម្រោងបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសហុងគ្រី ក្នុងឆ្នាំ២០២០។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអាក់ខានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ បានគូសបញ្ជាក់ថា ភាគីហុងគ្រីបានត្រៀមលក្ខណៈសហការជួយភាគីកម្ពុជា នៅក្នុងដំណើរការបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងប៊ុយដាប៉េស។ លោកជំទាវ ក៏បានសម្តែងនូវក្តីសង្ឃឹមថា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសហុងគ្រី នាឱកាសនោះ។

បន្ថែមពីនេះ លោកជំទាវបានលើកឡើងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងគ្រី ដោយនៅក្នុងនោះភាគីទាំងពីរបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងកម្ពុជា និងហុងគ្រី នៅទីក្រុងប៊ុយដាប៉េស នៅឆ្នាំ២០២៤ ដោយផ្តោតទៅលើវិស័យ គ្រប់គ្រងធនធានទឹក កសិកម្ម និងការផ្តល់គម្រោងឥណទាននានា ដូចជានៅក្នុងវិស័យសន្តិសុខស្បៀងជាដើម។

លោកជំទាវក៏បានរំលេចផងដែរថា ហុងគ្រីបានផ្តល់អាហារូបករណ៍ប្រចាំឆ្នាំប្រមាណ៣០កន្លែង ប៉ុន្តែពុំបានប្រើប្រាស់ឱ្យបានអស់សក្តានុពលនោះទេ។ នៅក្នុងន័យនេះ លោកជំទាវ លើកទឹកចិត្តជំរុញឱ្យនិស្សិតកម្ពុជាចូលរួមដាក់ពាក្យយកអាហារូបករណ៍នេះ ដើម្បីជាផ្នែកមួយនៃស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជននិងប្រជាជន។ នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា ភាគីនៃប្រទេសទាំងពីរនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ជាពិសេសការជំរុញទំហំពាណិជ្ជកម្ម ឱ្យសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកជំទាវបានគូសបញ្ជាក់ថា រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ ម្យ៉ាងទៀត ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា ក៏បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ៕