សមាគមឧកញ៉ាកម្ពុជា អំពាវនាវដល់គោរមវន្តទាំងអ​ស់ ត្រូវ​ចៀសវាងស​កម្មភា​ពដែ​លប៉ះ​ពា​ល់ដល់គុ​ណតម្លៃ របស់គោ​រមងារឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា បានអំពាវនាវដល់គោរមវន្តទាំងអស់ ចៀសវាងនូវសកម្មភាពទាំងឡាយណាផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ដល់គុណតម្លៃ កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា និងបង្កផលប៉ះពាល់ជាអវិជ្ជមានដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា ជាដើម។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកជំនួញឡេអនឡាញ គឺឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya) បានថតសម្តែង ស្លៀកពាក់ ប្រើប្រាស់ពាក្យសម្តីមិនសមរម្យដែលខុសឆ្គង និង បង្កផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា របស់ជាតិ ព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា ហើយត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅមកណែនាំ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំណែនាំមួយ ដោយមានការអញ្ជើញចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ឧកញ៉ា ឆេង ស្រីរ័ត្ន បានសន្យា ចំនួន៤ចំណុចដូចជា៖

១. បញ្ឈប់សកម្មភាពទាំងឡាយ ក្រោមទម្រង់ការថតសម្តែង ការស្លៀកពាក់ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ដែលខុសឆ្គង និង បង្កផលប៉ះពាល់ដល់វប្បធម៌ ប្រពៃណី ជំនឿ សាសនា របស់ជាតិ ព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា។

២. យល់ព្រមលុបចោលនូវរូបភាព និងវីដេអូទាំងឡាយ អំពីសកម្មភាពខុសឆ្គង ដែលបានបង្ហោះកន្លងមក ដែលទទួលការ រិះគន់ពីសាធារណជន ជាពិសេសឃ្លីបវីដេអូ ការអត្ថាធិប្បាយទាំងឡាយ ដែលប៉ះពាល់សីលធម៌ និងកិត្តិយសដល់ គោរមងារឧកញ៉ា។

៣. យល់ព្រមទទួលយកមតិយោបល់អង្គប្រជុំពាក់ព័ន្ធនឹងទម្រង់សម្លៀកបំពាក់ និងពាក្យសម្តីមិនសមរម្យនៅក្នុងការថត ផ្សាយជាសាធារណៈក្នុងគោលបំណងចៀសវាងផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

៤. យល់ព្រមធ្វើឃ្លីបវីដេអូ ផ្សព្វផ្សាយជាសាធារណៈមួយថ្ងៃបន្ទាប់ពីកិច្ចសន្យានេះ ដោយបញ្ជាក់ពីការទទួលស្គាល់កំហុស ឆ្គង ប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និងការសន្យាមិនឱ្យមាន សកម្មភាពបែបនេះ តទៅថ្ងៃមុខទៀត។

ករណី ឧកញ៉ា ឆេង ស្រីរ័ត្ន មិនបានអនុវត្តតាមកិច្ចសន្យាទាំង៤ចំណុចខាងលើ ឧកញ៉ា ឆេង ស្រីរ័ត្ន ព្រមទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទ៖ ពុទ្ធិកា