តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ពីរបៀបធ្វើស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី ខណៈដែលរាល់ថ្ងៃនេះ ក្រៅពីគ្រាប់ស្វាយចន្ទី ផ្លែរបស់វាមិនទាន់ត្រូវបានគេយកមកប្រើឱ្យមានប្រយោជន៍នៅឡើយ ហើយមានបរិមាណធំណាស់ ដែលជាសក្តានុពលមួយដែលយើងមិនគួរមើលរំលងឡើយ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា ស្ករកែច្នៃចេញពីផ្លែស្វាយចន្ទី ដោយលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម៖
១. ផ្លែស្វាយចន្ទី ២៣១៣ ក្រាម
២. ទឹកស្វាយចន្ទីបន្ទាបពីកៀបរួច ១ ៧៦៣ ម.ល
៣. រយៈពេលកូរលើភ្លើងដើម្បីក្លាយជាស្ករ មួយម៉ោងកន្លះ
៤. បានផលិតផលស្ករផ្លែស្វាយចន្ទី ១៦០ក្រាម។
ឯកឧត្តម បានបន្តថា បញ្ហាប្រឈមធំមួយគឺ ត្រូវធានាឱ្យបានថាផ្លែទាំងនោះមិនមានលាយឡំជាមួយនឹងថ្នាំកសិកម្មបាញ់បំប៉នឡើយ បើមិនដូច្នេះទេ ស្ករដែលផលិតបានក៏មានសារធាតុទាំងនោះដែរ។ សម្រាប់តម្រូវការបច្ចេកទេសកែច្នៃ សូមទំនាក់ទំនងនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម។

គួរបញ្ជាក់ថា ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។
យោងតាមទិន្នន័យដែលកត់ត្រាដោយសមាគមស្វាយចន្ទីកម្ពុជា ដែលបានកត់ត្រាទាំងការនាំចេញផ្លូវការ និងក្រៅផ្លូវ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទាំងស្រស់ និងកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាង១ពាន់លានដុល្លារ កើនឡើង២៦.១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣៕
អត្ថបទ៖ ពុទ្ធិកា