អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាអ្នកជំនួញខ្មែរវ័យក្មេងមួយរូប បានដាក់មហិច្ឆតាប្រែក្លាយទឹកដីកោះស្តេច នៅក្នុងខេត្តកោះកុង ដែលធ្លាប់តែស្ងាត់ជ្រងំ ទៅជាកូនទីក្រុងដ៏ទាក់ទាញបំផុតនៅកម្ពុជា។
នៅលើបណ្តាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា ការបើកជាផ្លូវការរីស៊តម៉េតម័ងឃី (Mad Monkey Koh Sdach) នឹងក្លាយជាផលិតផលទេសចរណ៌ថ្មីស្រឡាងលើទឹកដីកោះស្តេច ហើយផលិតផលថ្មីមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតដែលអាចទាក់ទាញទេសចរណ៌អន្តរជាតិ បានស្គាល់ទឹកដីកោះស្តេច ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា សួរ វីរៈ បានរំពឹងថា កោះស្តេចនឹងសំបូរទៅដោយទេសចរណ៌បរទេស ចរាចរណ៌ ពាសពេញកោះជាក់ជាពុំខាន ហើយនាំមកនូវសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ប្រជាជនដែលរស់នៅតំបន់កោះស្តេច ។

គួររម្លឹកថា ក្រៅពីជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនៅកម្ពុជា អ្នកឧកញ៉ា សួរ វីរៈ ក៏ជាអ្នកជំនួញខ្មែរម្នាក់ដែលបានបោះទុនដ៏ច្រើនវិនិយោគនៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា។ កាលពីចុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងទេសចរណ៍ ក៏បានបង្ហាញការគាំទ្រចំពោះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានបង្កើនគោលដៅដឹកជញ្ជូនភ្ញៀវទេសចរពីតំបន់កោះនៅប្រទេសវៀតណាម មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ។
គួរបញ្ជាក់ថា ទឹកដីកោះស្តេច នៅក្នុងខេត្តកោះកុង មានទេសភាពមិនចាញ់តំបន់ទេសចរណ៍នៅប្រទេសជិតខាងរបស់កម្ពុជានោះឡើយ ។ ទឹកដីកោះស្តេច មានទឹកសមុទ្រថ្លាឈ្វេង ឆ្នេរខ្សាច់សក្បុស តំបន់ស្ទួចត្រី កន្លែងជ្រមុជទឹកមើលផ្កាថ្ម ដ៏ស្រស់ស្អាត ដែលនៅមិនឆ្ងាយពីតំបន់កោះកុងក្រៅ ដោយធ្វើដំណើរតាមទូកលឿនប្រហែល ៣០នាទីប៉ុណ្ណោះ៕
អត្ថបទ៖ ពុទ្ធិកា



