ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការឈឺចាប់ចំពោះការប្រមាថរបស់ជនអគតិមួយចំនួនមកលើក្រុមគ្រួសារ ដែលលះបង់ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។
តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។
សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារបែបនេះ បន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមដែលមានមូលដ្ឋាននៅក្រៅប្រទេស បានបង្ហោះវីដេអូប្រើប្រាស់នូវពាក្យពេចន៍អសុរស មកលើសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស៕
