គណៈកម្មការទី៨ រដ្ឋសភា កោតសរសើរមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំពោះការផ្តល់សេវាប្រកបដោយក្រមសីលធម៌​វិជ្ជាជីវៈ​

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះមកពិនិត្យវឌ្ឍនភាព នៃការផ្ដល់សេវាជូនប្រជាជន​នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

គណ:​ប្រតិភូ​ បានទស្សនកិច្ច​ តាម​ផ្នែក​ សំខាន់ៗ​ ក្នុង​មន្ទីរពេទ្យជាក់ស្ដែង​ដូច​ជា​​ នៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែក​ មន្ទីរពិសោធន៍ ផ្នែក​ ពិគ្រោះជំងឺក្រៅ និងពិនិត្យសុខភាព រូបភាពវេជ្ជសាស្ត្រ (CT Scan និង MRI) សម្ភព និងរោគស្ត្រី និង​បាន​ សួរសុខទុក្ខស្ដ្រីដែលបានអញ្ជើញមកទទួលសេវាពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាពផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ឡោក ខេង បានកោតសរសើរចំពោះការដឹកនាំរបស់ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មការមន្ទីរពេទ្យ ដោយមិននឹកស្មានថា មន្ទីរពេទ្យនេះមានការរីកចម្រើនបានឆាប់រហ័ស ហើយបាន​គោរព​ដឹងគុណ​ និង​ស្ញប់ស្ញែង​ដល់​ទស្សនវិស័យដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលបានកសាងមន្ទីរពេទ្យនេះឡើង សម្រាប់ជាប្រយោជន៍ដល់សុខភាពសាធារណៈ។

លោកជំទាវ ក៏ថ្លែងអំណរគុណចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នូវ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ក្នុង​រយៈពេល​ដ៏ខ្លី​កន្លង​មក​នេះ​ ក្នុង​ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង​ ជំងឺ​ឆ្លង​ ពិសេស​បច្ចុប្បន្ន ឯកឧត្តសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការយ៉ាងសកម្ម ផ្នែក​អប់រំ​សុខភាព​ ជូន​ប្រជាពលរដ្ឋ​តាមគ្រប់មធ្យោបាយ​។

បន្ថែមពីនេះ លោកជំទាវប្រធាន​ និង​ សមាជិក​ គណៈ​ប្រតិភូ​ បានកោតសរសើរ ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ ដែលបានសហការគ្នាតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោមក្នុង​ការ​ ផ្តល់​ សេវា​ ជូន​ ប្រជាពលរដ្ឋ​ ដោយមិនគិតអ្នកមាន អ្នកក្រ និង​ ប្រកប​ដោយ​ ក្រមសីលធម៌​ វិជ្ជាជីវៈ​ ដែលស្របតាមគោលនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​ដែល​ ដឹកនាំ​ ដ៏ខ្ពង់ខ្ពស់​បំផុត​ សម្តេចបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយក​រដ្ឋ​មន្ត្រី​ នៃកម្ពុជា៕