ក្រសួងចំនួន២ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណេតរវាងក្រសួងទាំងពីរ កាលពី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។
ពិធីចុះអនុស្សរណៈនេះបង្ហាញពី កិច្ចសហប្រតិបត្តិការប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួម ប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និង ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា ការបើកនូវកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា Digital អភិវឌ្ឍន៍ទំនើបកម្មនៃក្រសួងទាំងពីរ ដោយក្នុងនោះក្រសួងកសិកម្មសហការពិនិត្យលទ្ធភាពទំនើបកម្មលើការផ្តល់ការរៀបចំ QR code លើឯកសារចៀសវាងការក្លែងបន្លំ ភ្ជាប់អ៊ីនធឺណេតឱ្យរហ័សគ្រប់ការិយាល័យដើម្បីបង្កភាពងាយស្រួលនិងប្រសិទ្ធភាពការងារ និងបង្កើតប្រព័ន្ធបច្ចេកវិទ្យា (Develop Digital System) ដើម្បីជួយដល់ការងារកសិកម្មតាំងពីកសិករអ្នកផលិតរហូតដល់ទីផ្សារ។
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍ ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
សូមបញ្ជាក់ថា ការផ្ទៀងផ្ទាត់ ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យា ប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារ ដែលមានដាក់បញ្ចូល QR Code ស្ដង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ ជាក្រដាសឡើយ៕