សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាប់អារម្មណ៍ពីលទ្ធភាពរបស់កសិកក្នុងការម្ចាស់ការបូមទឹកដាក់ស្រែផ្ទាល់ខ្លួន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមករា បានឆ្លៀតចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ឃុំពត់សរ​ ស្រុកបាទី​ខេត្តតាកែវ​ ចំនួនជិត​៤ពាន់ហិកតា ។

ក្នុងឱកាសនោះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានជជែកគ្នាលេងជាមួយបងប្អូនប្រជាកសិករនៅខេត្តតាកែវ ប្រកបដោយភាពស្និតស្នាល។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំណុចមួយដែលជាការចាប់អារម្មណ៍គឺលទ្ធភាពរបស់បងប្អូនកសិកក្នុងការម្ចាស់ការបូមទឹកដាក់ស្រែផ្ទាផ្ទាល់ខ្លួនរបស់គាត់។ បើតាមសម្តេចធិបតី ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងឆ្នាំនេះ ក្រៅពីចេញបទបញ្ជាអោយក្រសួង ស្ថាប័នជំនាញបញ្ចេញម៉ាស៊ីនធំៗដើម្បីជួយអន្តរាគមន៍បូមទឹកដាក់ប្រឡាយមេ សម្តេចក៏បានអោយត្រៀមម៉ាស៊ីនបូមទឹកតូចៗ របស់អង្គភាពទ័ពមួយចំនួនសម្រាប់ករណីចាំបាច់ត្រូវជួយបូមទឹកដាក់ចូលស្រែរបស់ប្រជាពលរដ្ឋ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានឲ្យដឹងថា បើតាមការរាយការណ៍ពីសំណាក់ឯកឧត្តម គន់ គីម ជាទូទៅលទ្ធភាពរបស់កសិករនៅមូលដ្ឋាន ក្នុងការបូមទឹកដាក់ស្រែគឺមិនមានបញ្ហាចោទទេ។ នៅខេត្តតាកែវថ្ងៃនេះ បងប្អូនប្រជាកសិករបានប្រាប់ថា ម៉ាស៊ីនបូមទឹកខ្នាតតូចផ្ទាល់ខ្លួន មិនជាបញ្ហាចោទទេសម្រាប់ពួកគាត់ ដោយអ្នកខ្លះមានរហូតដល់ ៣គ្រឿង ហើយបងប្រុសម្នាក់មានដល់ ១០គ្រឿង៕