កម្ពុជា-បារាំង មានមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា-បារាំង បានបង្ហាញមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ខណៈភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងទំនាក់ទំនងទ្វេភាគី ដោយឈរលើមិត្តភាពជាប្រវត្តិសាស្ត្រ និងតម្លៃរួម។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះនៅទីស្តីការក្រសួងការបរទេស។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ព្រះរាជទស្សនកិច្ចនាពេលថ្មីៗនេះ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីមិត្តអំពីការត្រៀមដំណើរបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋបារាំង របស់ឯកឧត្តមឧបនាយករដ្ឋមន្តីផងដែរដែលនេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសបារាំង។ ជាការឆ្លើយតប ឯកឧត្តម Jacques PELLET បានជម្រាបជូនអំពីគម្រោងទស្សនកិច្ចរបស់គណៈ ប្រតិភូបារាំងមកកាន់កម្ពុជា នាពេលខាងមុខនេះផងដែរ។

នៅក្នុងវិស័យការពារជាតិ» ភាគីទាំងពីរ បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបណ្តុះបណ្តាលកងកម្លាំងកម្ពុជា និងកិច្ចសហ ប្រតិបត្តិការរក្សាសន្តិភាពដែលបានបង្កើនការចូលរួមរបស់ស្ត្រី ដល់ ២០,៨% នៅឆ្នាំ២០២៥។ ក្នុងវិស័យ វប្បធម៌ និងអប់រំ បារាំង បានគាំទ្រកម្ពុជាតាមរយៈការផ្ដល់អាហារូបករណ៍ វគ្គសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងការសម្តែងរបាំព្រះរាជទ្រព្យកម្ពុជានៅសាធារណរដ្ឋបារាំង ក្នុងឆ្នាំ២០២៥ នេះ

ឯកឧត្តម JacquesPELLET បានឆ្លៀតឱកាសពាំនាំនូវសេចក្តីសង្ឃឹមរបស់ថ្នាក់ដឹកនាំបារាំងក្នុង ការទទួលស្វាគមន៍តំណាងជាន់ខ្ពស់របស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិភពលោកសំខាន់ៗ ដែលនឹងរៀបចំ នៅប្រទេសបារាំង ក្នុងឆ្នាំ២០២៥ រួមមានកិច្ចប្រជុំកំពូលសម្រាប់សកម្មភាពស្តីពីបញ្ញាសិប្បនិម្មិត កិច្ចប្រជុំកំពូ លស្តីពីអាហារូបត្ថម្ភសម្រាប់កំណើត និងសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រ ឯកឧត្តមប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកយ៉ាងសកម្មចំពោះគំនិត ផ្តួចផ្តើមទាំងនេះ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការប្រឈមនឹងបញ្ហាជាសកល។ជំ

ជំនួបពិភាក្សានេះ ក៏បានកត់សម្គាល់នូវមហិច្ឆតារួមគ្នាក្នុងការពង្រឹងកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដែលសម័យប្រជុំបន្ទាប់ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០២៥ ក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យលើឆាកអន្តរជាតិ៕