ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ ចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ។ ការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តី បែបនេះ បានធ្វើឡើងនៅក្នុងពិធី“ដាក់សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ និងបើកមុខចៀរជ័រកៅស៊ូថ្មី” នៅក្រុមហ៊ុនទ្រីភាព អិមផត អិចផត ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ឯកឧត្តម ឌិត ទីណា លើកឡើងថា រោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាវិស័យឯកជន គឺជាដៃគូមិនអាចខ្វះបាន និងជាកម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យកសិកម្ម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងកសិកម្ម ទទួលស្វាគមន៍ និងលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនកាន់តែច្រើនថែមទៀត ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ប្រាក់ចំណូលប្រជាពលរដ្ឋ ជំរុញការនាំចេញ និងលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ ពុទ្ធិកា
