គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនា​វ​ដល់អ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរគោរព​ច្បាប់ ក្នុងឱកាស​ពិធីបុណ្យចូលឆ្នាំ​ចិន

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់សាធារណជន​ជាអ្នក​​ប្រើ​ប្រាស់ផ្លូវ ត្រូវបើកបរក្នុងស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

ក្នុងសេចក្តីអំពាវនាវរបស់ខ្លួនថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ព្រោះ​ក្នុងឱកាស​ពិធីបុណ្យនា​នាតែង​តែមាន​គ្រោះ​ថ្នាក់​ចរាចរណ៍កើតឡើងដោយការបើកបរក្នុងស្ថានភាពស្រវឹង ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ អ្នករងបួស និងខូចខាតទ្រព្យសម្បត្តិ។

សូមកុំបើកបរលើសល្បឿនកំណត់ ព្រោះភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តា​លម​កពី​ការបើកបរលើសល្បឿនកំណត់។ អ្នកបើកបរ ត្រូវបន្ថយល្បឿនបើកបរនៅក្នុងទីប្រជុំជន ៣០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់ទោចក្រយានយន្ត និង៤០គីឡូម៉ែត្រក្នុង១ម៉ោង សម្រាប់រថយន្ត ត្រូវគោរពផ្លាកសញ្ញាកំណត់ល្បឿននៅក្រៅទីប្រជុំជន និងត្រូវបន្ថយ ល្បឿនតាមទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ផ្លូវរអិល ឬផ្លូវដែល មានឧបសគ្គផ្សេងៗទៀត ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏សូមកុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ ដោយសារអ្នកបើកបរត្រូវបើកបរប្រកាន់ស្តាំជានិច្ច និងបើកបរតាមទិសចរាចរណ៍ដែលកំណត់ដោយផ្លាកសញ្ញា ឬដោយ គំនូសសញ្ញា។
ត្រូវប្រុងប្រយ័ត្នក្នុងការបត់ ការជែង ការចត ការឈប់ និងត្រូវបើកបរតាមគន្លងផ្លូវដែលច្បាប់បានកំណត់។មុនពេលចេញដំណើរ ត្រូវត្រួតនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដូចជាកង់ ហ្វាំង ភ្លើង បំភ្លឺ និងចង្កូត ។ និងត្រូវរក្សាជានិច្ចនូវសីលធម៌យោគយល់ អាធ្យាស្រ័យក្នុងការបើកបរ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏សង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវ គ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវ សុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម៕

អត្ថបទ៖ ពុទ្ធិកា