នៅក្នុងសប្តាហ៍នេះពលរដ្ឋខ្មែរជាប់សែស្រឡាយចិននិងវៀតណាមជាច្រើនក្នុងប្រទេសកម្ពុជាបានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ដែលមានរយៈពេល៣ថ្ងៃ គឺចំថ្ងៃទី២៩-៣០-៣១ ខែមករា និងដោយឡែកថ្ងៃសែនចិនគឺថ្ងៃទី២៨ ខែមករា ។
នៅតាមបណ្ដាផ្សារធំតូចនានាក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមដងផ្លូវ គេឃើញមានលក់នូវផ្កាចម្រុះពណ៌ ជាពិសេសគឺផ្កាអង្គារសិល្ប៍ និងផ្កាស្បៃរឿង ព្រមទាំងគ្រឿងតុបតែងលម្អផ្ទះ ក្រដាសសែន គោមភ្លើងមានពណ៌លឿង និងពណ៌ក្រហមដេរដាស។ ក្នុងនោះម្ហូបអាហារដ៏ពេញនិយមរួមមានជ្រូកខ្វៃ មាន់ខ្វៃ ក៏ដូចជាគ្រឿងទេសរបស់ចិន ត្រូវបានគេដាក់លក់ព្រោងព្រាត រួមទាំងការផ្សព្វផ្សាយលើបណ្តាញសង្គមផងដែរ។
ចំណែក នៅតាមគេហដ្ឋានប្រជាជនមួយចំនួនឃើញមានការដាក់តាំងនូវភ្លើងគោម បិតយ័ន្ត បិទក្រដាសក្រហម លឿង នៅតាមមាត់ទ្វារ បង្អួច និងនៅលើឧបករណ៍ប្រើប្រាស់ផ្សេងៗ រួមទាំងផ្កាអង្គាសិល្ប៍ ផ្កាស្បៃរឿង ដើមក្រូច។ល។ ដាក់តាំងលម្អខាងក្នុង និងក្រៅផ្ទះផងដែរ។ ជាទូទៅគេមានជំនឿថា ការរៀបចំសែនក្នុងឱកាសចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងផ្ដល់ឱ្យពួកគេមានហុងស៊ុយ ហេងហេង ឡើងរាសី មានសុភមង្គល មានសេចក្ដីសុខនៅក្នុងគ្រួសារ រកស៊ីមានបាន និងចៀសផុតពីគ្រោះចង្រៃផ្សេងៗ។
បន្ថែមពីនេះ ដើម្បីកុំឲ្យប៉ះពាល់ដល់សិរីមង្គលក្នុងឆ្នាំថ្មី ជនជាតិចិនមានតំណមមួយចំនួនដែលត្រូវប្រកាន់ខ្ជាប់យ៉ាងពិសេសក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ខ្លួនអំឡុងចូលឆ្នាំបីថ្ងៃនេះផងដែរ ដូចជា ហាមយំ ហាមធ្វើឲ្យបែករបស់ ហាមឈ្លោះប្រកែកគ្នា ហាមខ្ចីលុយ ឬឲ្យអ្នកដទៃខ្ចី ហាមបោកសំលៀកបំពាក់ បោសជូតផ្ទះ ឬមុតរបស់ជាដើម។
អ្វីជាការកត់សម្គាល់ទៀតនោះ មិនខុសពីរាល់ៗឆ្នាំ គឺនៅតាមទីសក្ការៈបូជា ក្នុងទីប្រជុំជននានាក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅដដែលនោះ ជាពិសេសនៅវត្តភ្នំ គេក៏ឃើញមាននូវប្រជាជនដែលមានជំនឿទៅលើប្រពៃណីចិន បាននាំគ្នាទៅអុជធូប បន់ស្រន់សុំសេចក្ដីសុខ និងកាត់ឆុងតាមក្បួនហោរាសាស្ត្រចិនតាមជំនឿរៀងៗខ្លួន។
មួយថ្ងៃមុនថ្ងៃចូលឆ្នាំចិន គេសង្កេតឃើញមានការសែនព្រេននានានៅតាមផ្ទះតាមក្រុមហ៊ុន ហាងអាជីវកម្មផ្សេងៗ និងការជួបជុំសាច់ញាតិរបស់ខ្លួនដែលមានការដុតលុយសែនរថយន្តក្រដាសឬដុំមាសក្រដាសជាដើម ដែលបានក្លាយជារឿងធម្មតាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននៅក្នុងប្រទេសកម្ពុជា។មិនតែប៉ុណ្ណោះ សហគ្រាស ក្រុមហ៊ុនឯកជនផ្សារធំៗ តូបលក់ដូរ។ល។នៅក្នុងរាជធានីភ្នំពេញក៏បានបិទទ្វារ ឈប់សម្រាក បើទោះបីជាច្បាប់ហាមមិនឱ្យឈប់សម្រាកនាឱកាសចូលឆ្នាំចិនក៏ដោយ។
គួរឲ្យដឹងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំទូទាំងពិភពលោក រួម ទាំងប្រទេសកម្ពុជា។ សម្រាប់កម្ពុជា ជារៀងរាល់ឆ្នាំ គេសង្កេតឃើញមាននិន្នាការកាន់តែកើនខ្លាំងឡើង ដែលពលរដ្ឋខ្មែរកាត់ចិន ចិនកាត់ខ្មែរ ខ្មែរកាត់វៀតណាម វៀតណាមកាត់ខ្មែរ ឬខ្មែរសុទ្ធបាននាំគ្នាប្រារព្ធពិធីបុណ្យនេះយ៉ាងគគ្រឹកគគ្រេង៕
អត្ថបទ៖ អក្ខរា
