ក្រសួងធនធានទឹក និងឧតុនិយម បានត្រៀមប្រេងចំនួន ១លានលីត្រ ដើម្បីជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងកសិករ ខណៈមកពេលនេះស្រូវប្រាំងរបស់កសិករ នៅក្នុងខេត្តចំនួន៨ ត្រូវបានអន្តរាគមន៍សង្គ្រោះ ដែលស្មើនឹងផ្ទៃដីប្រមាណជាង១ម៉ឺនហិកតា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ។

ឯកឧត្ដម បានបន្តថា គិតមកដល់បច្ចុប្បន្ននេះ ស្រូវប្រាំងដែលបានដាំដុះនៅទូទាំងប្រទេស មានចំនួនជាង៧០ម៉ឺនហិកតា ហើយកន្លងមកក្រសួងបានប្រើប្រាស់ម៉ាស៊ីនបូមទឹកផ្ទាល់ ប្រភេទកម្លាំង៦៥សេះ សរុបចំនួន៤០០គ្រឿង ហើយម៉ាស៊ីនចល័ត ដាក់នៅតាមសា្ថនីយ៍បូមទឹក នៅទូទាំងប្រទេសសរុប ១៧៥ ស្ថានីយ៍ ដែលជាទីតាំងអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់កសិករ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាទឹក ជូនកសិករនៅទូទាំងប្រទេសឲ្យបានទាន់ពេលវេលា ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការការពង្រឹងនយោបាយគ្រប់គ្រងទឹក សម្រាប់រដូវប្រាំងនេះ ។
រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ បន្តស្តារនិងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងអនុវត្តយន្តការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ដើម្បីធានាសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។ ប្រព័ន្ធធារាសាស្ត្រ នៅទូទាំងប្រទេសមានចំនួនជាង២០០០ប្រព័ន្ធ រីឯអាងស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង មានជាង១៥០០អាង ដែលអាចរក្សាទឹកទុកប្រើប្រាស់បានប្រមាណ ៤ពាន់លានម៉ែត្រគូប៕
អត្ថបទ៖ ពុទ្ធិកា


