គណៈរដ្ឋមន្ត្រី អនុម័តលើសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការមិនទទួលឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម

គណៈរដ្ឋមន្ត្រី អនុម័ត សេចក្តីព្រាងច្បាប់«ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» នៅក្នុងកិច្ចប្រជុំពេញអង្គ នៅវិមានសន្តិភាព នាថ្ងៃទី២៤ មករា ឆ្នាំ២០២៥ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញដោយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុកជាប្រវត្តិសាស្ត្រនៅក្នុងច្បាប់តែម្តង សំដៅម្យ៉ាង ដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ ម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។

សេចក្តីព្រាងច្បាប់នេះ ក៏បានដំឡើងកម្រិតទោស ចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល សំដៅធានាការពារនូវឧត្តមភាព និងកិត្យា​នុភាព​នៃសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់«ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»  ត្រូវបានរៀបចំឡើង បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។

ក្រសួងយុត្តិធម៌ ក៏បានពិនិត្យ សិក្សា និងរៀបចំការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីឱ្យស្របទៅតាមបរិបទថ្មីនៃការបិទបញ្ចប់ដំណើរការនីតិវិធីក្នុងគ្រប់សំណុំរឿង និងការចេញសាលដីកាស្ថាពរដោយ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។

អត្ថបទ៖ ពុទ្ធិកា