សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹកនិងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ការណែនាំនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅថ្ងៃសុក្រ ទី២៤ មករា ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការណែនាំនេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការរក្សាថ្លៃកសិផល ក៏ដូចជា ការពង្រឹងនយោបាយគ្រប់គ្រងទឹក សម្រាប់រដូវប្រាំងនេះ ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាបណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា៕
អត្ថបទ៖ ពុទ្ធិកា