រាជរដ្ឋាភិបាល នៅជាប់ជាមួយប្រជាកសិករ និងបន្តអន្តរាគមន៍ជួយគ្រប់កាលៈទេសៈ

បន្ថែមពីការជួយរកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាល បានបន្តជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ដើម្បីធានាថា នឹងមិនមានស្រូវប្រាំងប្រជាកសិករណារងការខូចខាត ដោយក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បានរួមគ្នាជួយអន្តរាគមន៍តាមគោលដៅ និងដែនសមត្ថកិច្ចរបស់ខ្លួន។

គិតចាប់ថ្ងៃទី២២ មករា ២០២៥ ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បានចុះអន្តរាគមន៍បូមទឹកជូនប្រជាកសិករបានប្រមាណ ២ម៉ឺនហិកតា ក្នុងចំណោមស្រូវប្រាំងដែលរងហានិភ័យប្រមាណជាង៣ម៉ឺនហិកតា ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ព្រៃវែង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ក្រចេះ កណ្ដាល បន្ទាយមានជ័យ ស្វាយរៀង។

ក្រសួង ស្ថាប័ន អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នឹងនៅតែបន្តបូមទឹកជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ រហូតទាល់តែស្រូវប្រាំងឈប់ត្រូវការទឹកបន្តទៀត។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តកំពង់ធំ ដោយអន្តរាគមន៍បូមទឹកពីបឹងបន្ទះជៀល អាងស្ទឹងជីនិត និងស្ទឹងស្ទោង ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅឃុំសាន់គ ស្រុកកំពង់ស្វាយ ឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបន្ទាយស្ទោង ស្រុកស្ទោង បានចំនួន ៨៥ហិកតា លើ ១ ៥៤៥ហិកតា នៅសល់ ១ ១៤៩ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមចល័តកម្លាំង៦៥សេះ ចំនួន ៤គ្រឿង ។

នៅថ្ងៃដដែល បន្តអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយបានអន្តរាគមន៍បូមទឹកពីបឹងទន្លេបាទី បញ្ចូលប្រឡាយហនុមាន ដើម្បីយកទឹកទៅសង្គ្រោះស្រូវនៅស្រុកបាទី ចំនួន ៤ ០០០ហិកតា ដោយប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ និងម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ២គ្រឿង៕