ក្រសួង សម្រេចបូមយកទឹកពីទន្លេបាទី​ ទៅអន្តរាគមន៍​សង្គ្រោះស្រូវកសិ​ករ​នៅស្រុកបាទី ខេត្តតាកែវ​ ដែលជួបបញ្ហាខ្វះខាតទឹក

តាមរយៈបណ្តាញសង្គម នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ករណីខ្វះខាតទឹកបង្កបង្កើនផលនៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹកនិងការជួសជុលប្រឡាយ ត្រូវបានដឹកនាំដោះស្រាយបញ្ចប់ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងធនធានទឹក។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា ក្រោមការសម្របសម្រួលពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រសួងធនធានទឹក បានសម្រេចប្រើប្រាស់ប្រេង ដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រលាយ ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំង និងដោះស្រាយបញ្ហាប្រឈមចំពោះមុខជូនដល់បងប្អូនកសិករ។

គួរបញ្ចាក់ដែរថា អាជ្ញាធរមូលដ្ឋាននិងក្រសួងធនធានទឹកធ្លាប់បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាកសិករពីលទ្ធភាពផ្គត់ផ្គង់ទឹកត្រឹមតែ២០០០ហិកតាតែប៉ុណ្ណោះសម្រាប់រដូវនេះ ដោយហេតុថាមួយផ្នែកនៃប្រឡាយដែលមានកំពុងត្រូវបានបិទជួសជុល ប៉ុន្តែការបង្កបង្កើនផលជាក់ស្តែងមានរហូតដល់ទៅជាង៤០០០ហិកតា ដែលបង្កឱ្យមានការខ្វះខាតទឹកដូចពេលបច្ចុប្បន្ន។