«ក្រុមហ៊ុនអា​កាសចរ​ណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ប្តូរឈ្មោះ​ទៅជា «ក្រុមហ៊ុនអាកាសចរណ៍​ជាតិ​កម្ពុជា»

រាជរដ្ឋាភិបាល បានសម្តេចប្តូរឈ្មោះ«ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ» ទៅជា «ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា» ដែលសរសេរជាអក្សរកាត់ថា អ.ជ.ក. និងមានឈ្មោះជាភាសាអង់គ្លេសថា Air Cambodia។ នេះបើយោងតាម អនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

គួរជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។

ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរ ទៅកាន់គោលដៅជាច្រើនផ្សេងទៀត នាពេលឆាប់ៗខាងមុខ។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក កាលពី ខែធ្នូ ឆ្នាំ២០២៤ ថា ការផ្លាស់ប្ដូរឈ្មោះនេះ គឺដើម្បីបង្កើន និងជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ក្រុមហ៊ុនអាកាសចរណ៍នេះ ឲ្យមានការរីកចម្រើន និងវិវត្ដន៍ទៅមុខ ស្របទៅតាមទស្សនៈទាន និងទីផ្សារ ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះ។

ឯកឧត្តម បន្ថែមថា ក្រុមហ៊ុនក៏មានផែនការ ក្នុងការដាក់បញ្ចូលនៃយន្ដហោះ​ប្រភេទ ATR72-600 ក្នុងឆ្នាំ២០២៥ ចំនួន៣គ្រឿង ដើម្បីពង្រឹង ពង្រីកកែលម្អទីផ្សារក្នុងស្រុក ក៏ដូចជាធ្វើឲ្យប្រសើរឡើង នូវការដឹកជញ្ជូនសេវាអ្នកដំណើរ នៅក្នុងប្រទេសកម្ពុជា និងសេវាដឹកអ្នកដំណើរ នៅក្នុងប្រទេសជិតខាង។ តាមផែនការ យន្ដហោះ ATR72-600 ទាំង៣គ្រឿងនេះ នឹងមកដល់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥ ដែលមួយគ្រឿងដំបូង អាចមកដល់នៅខែឧសភា និងមួយគ្រឿងទី២​នៅខែវិច្ឆិកា និងមួយគ្រឿងទី៣ នៅខែធ្នូ៕

អត្ថបទ៖ ពុទ្ធិកា