ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសក្តានុពលកសិកម្មនៅភូមិ «ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជនជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម បានបញ្ជាក់ថា ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ ព្រមទាំងសិក្សាពីការតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ទើបការរៀបចំជាសហគមន៍មានប្រសិទ្ធភាពសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោបាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមានផែនការផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ផ្ការំដួល ចំបុីស៧០ ជាដើមដែលមានតម្រូវការតាមរោងម៉ាសុីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំនេញជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការណែនាំពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពីការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំនេញទាំងអស់គ្នា និងមាននិរន្តរភាព។
សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាតំបន់អភិវឌ្ឍថ្មី ផ្តួចផ្តើមគំនិតដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោក្នុងការយកចិត្តទុកដាក់អតីតយុទ្ធជន និងក្រុមគ្រួសារ។ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទីនេះអាចទ្រ្រទង់ជីវភាពប្រចាំថ្ងៃបាន ទាមទារឱ្យមានសកម្មភាពកសិកម្មដែលអាចផ្តល់ជាប្រភពចំណូលជាប្រចាំ ទាំងកម្រិតគ្រួសារ កម្រិតសហគមន៍ និងកម្រិតដៃគូវិនិយោគ៕




