សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន៥០.០០០ដុល្លារសហរដ្ឋអាមេរិក ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពីសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ឯកឧត្តម បានលើកឡើងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកានិងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសបានបង្ហាញពីព្រះរាជហឬទ័យទុកដាក់ខ្ពស់បំផុតដល់កងកម្លាំងឯកទេសបោសសម្អាតមីនទាំងអស់នៃអង្គភាពCMAC ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម៕



