« ឱប្រទេស កម្ពុជា! ជីវិតអ្នកគូររូបដូចខ្ញុំ ក៏ជាផ្នែកមួយនៅក្នុងនោះដែរ៖ ភាពអស្ចារ្យ រំភើប ភ័យតក់ស្លុត ស្រេកឃ្លាន ឈឺចាប់ បាត់បង់ កកើត ជោគជ័យ និង សង្គ្រាម » ។ អត្ថន័យទាំងនេះគឺមាននៅក្នុងស្នាដៃផ្ទាំងគំនូរទាំង១៨ផ្ទាំរបស់វិចិត្រករសហសម័យ លាង ស៊ីកន ដែលមានឈ្មោះថា «ដីមាស » ។

វិចិត្រករសហសម័យ លាង ស៊ីកន ធ្លាប់បង្ហាញស្នាដៃធំៗទាំងក្នុងនិងក្រៅប្រទេសរាប់មិនអស់ តែអាចនិយាយបានថា នេះជាលើកដំបូងហើយដែលស្នាដៃវិចិត្រករសហសម័យ លាង ស៊ីកន ទាំង១៨ផ្ទាំងបង្ហាញពីទិដ្ឋភាពចម្រុះនៃដែនដីសុវណ្ណភួមិតាមរយៈការតាំងពិព័រណ៌ទោលដ៏ធំប្រចាំឆ្នាំនៅក្នុងសារមន្ទីរជាតិ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនាទទួលបាននូវបទពិសោធថ្មី ។
ពិព័រណ៌នេះបានបើកដំណើរការកាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥នៅសារមន្ទីរជាតិ ក្រោមវត្តមានភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសិល្បករសិល្បការិនីជើងចាស់ជាច្រើនរូប បើតាមគម្រោងការដាក់តាំងពិព័រណ៌ស្នាដៃថ្មីរបស់លោក លាង ស៊ីកន មានរយៈពេល២ខែពេញ ។ បន្ទាប់ពីការតាំងបង្ហាញពិព័រណ៌ទោលរបស់ខ្លូនចប់ លោក លាង ស៊ីកន មិនមានគម្រោងយកគំនូរស្តីពី « ដីមាស » របស់ខ្លួនដាក់លក់ឬក្នុងរូបភាពណានោះទេ ពីព្រោះលោកចង់ដាក់តាំងបង្ហាញជាស្នាដៃនេះឱ្យកូនចៅបានយល់នឹងបានដឹងក្នុងនាមជាវិចិត្រករសហម័យ ។
វិចិត្រករលាង ស៊ីកន មានស្រុកកំណើតនៅខេត្ត ព្រៃវែង លោកបានបញ្ចប់ការសិក្សានៅឆ្នាំ ២០០២ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រាជធានីភ្នំពេញ។ ក្នុងចំណោមសមាជិកសំខាន់ៗនៃវិស័យសិល្បៈសហសម័យ កម្ពុជា ដែលកំពុងរីកចម្រើន លោក លាង ស៊ីកន បានធំឡើងក្នុងអំឡុងការងើបឡើងនៃរបបខ្មែរក្រហមដ៏ឃោរឃៅនៅ ដើមទសវត្សរ៍ឆ្នាំ ១៩៧០ នៅពេលចាប់ផ្តើមនៃការទម្លាក់គ្រាប់បែករបស់អាមេរិក លើឥណ្ឌូចិន ។ ការឈានជើងចូលក្នុងវិថីសិល្បៈរបស់លោកមានប្រវត្តិជូរចត់ខ្លាំង សូម្បីតែគំនូរដែលលោកបានគូនាពេលកន្លងមកកបានដាក់ដំណើរផ្ទាល់ខ្លួនចូលផងដែរ ។ កន្លងមកលោកទទួលបានពានរង្វាន់ជាច្រើននៅក្រៅប្រទេស ជាក់ស្តែងជារៀងរាល់ឆ្នាំលោកតែងតែចូលរួមក្នុងការតាំងពិព័រណ៌ធំៗជាច្រើននៅប្រទេសធំៗ ៕



