ដើមឆ្នាំថ្មីកម្ពុជាទទួលបានរោងចក្រផលិតសំបកកង់យានយន្តថ្មីមួយទៀតហើយវិនិយោគលើផ្ទៃដី ៣២ហិចតា

នៅដើមឆ្នាំ២០២៥នេះ រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតហើយបើកការដ្ឋានសាងសង់ដែលមានឈ្មោះថា រោងចក្រ វ៉ាន់លី ថាយអឺ (WANLI Tire) កាលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០កន្លែង។ 

គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ ក្នុងការជួយសម្រួលដល់នីតិវិធីរដ្ឋបាលចាំបាច់ដែលនាំទៅដល់ការបង្កើតរោងចក្រ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅក្នុងខេត្តស្វាយរៀង ជាពិសេសការខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងសូមលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្តធ្វើការងាររបស់ខ្លួន និងរក្សាឱ្យបាននូវអាកប្បកិរិយាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាបាននូវភាពជោគជ័យនៃរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ និងរួមចំណែកដល់ការរក្សានូវរូបភាពវិជ្ជមានរបស់កម្ពុជា។

ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះក៏មានគម្រោងវិនិយោគមួយ ដែលធ្វើពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕