ផ្លូវ៦០ម៉ែត្រ នឹងដាក់កាមេរ៉ាចាប់ល្បឿន និងកំណត់ល្បឿនបើកបរក្រោម ៦០គីឡូម៉ែត្រក្នុងមួយម៉ោង

មហាវិថីសម្តេចតេជោ ឬ ផ្លូវ៦០ម៉ែត្រ លាតសន្ធឹង​ឆ្លងកាត់​សង្កាត់​ចំនួន​ ៣ គឺ​សង្កាត់​ចាក់អង្រែលើ​និងសង្កាត់​​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ និង ​សង្កាត់​ជើងឯក ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។ មួយរយៈចុងក្រោយនេះ ផ្លូវធំទំនើបមួយខ្សែនេះ តែងកើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ជារឿយៗ និងកំពុងបង្កការព្រួយបារម្ភដល់អ្នកបើកបរ។

នារសៀលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេស ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដេីម្បី​សិក្សា​តម្លើង​កាមេរ៉ា​ចាប់ល្បឿន​ តម្លើងបន្ថែម​ស្លាក​សញ្ញា​ចរាចរណ៍​ ​តម្លេីង​​បន្ថែមភ្លើង​ស្ដុប និងព្រមទាំងអ៊ុត​គំនូស​សញ្ញាចរាចរណ៍​បន្ថែម។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ និងអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាបង្កើនកម្លាំងនគរបាលចរាចរណ៍ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យ ចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវ និងតឹងរឹងជាងមុន។ បន្ថែមពីនេះ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។

ប្រធានមន្ទីរសាធារណការ បានបន្តថា ការដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែស ដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺ ដែស កំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបថា ផ្លូវ ៦០ ម៉ែត្រ​ជាផ្លូវ​ដែលមាន​ចរាចរណ៍​ដ៏មមាញឹក​មួយនិងប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច ក្រុមហ៊ុន​និងគម្រោង​អចលនទ្រព្យ​ធំៗជាច្រើន​សុទ្ធតែ​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ ៦០ ម៉ែត្រនេះ ក្នុងនោះ​រួមមាន​ផ្សារទំនើប អ៊ីអន មានជ័យ (អ៊ីអន ៣) ផងដែរ។ តែយ៉ាងណា ផ្លូវដ៏ធំទូលាយនេះ មិនមានដាក់របាំងខណ្ឌចែកទ្រូងផ្លូវនោះទេ។ ចំណុចនេះ អាជ្ញាធរបានបញ្ជាក់ថា មូលហេតុដែលមិនដាក់របាំងចែកទ្រូងផ្លូវ ដោយសារផ្លូវដែលមានប្រវែង៩គីឡូម៉ែត្រ និងទទឹង៦០ម៉ែត្រនេះ មានលទ្ធភាពទុកជាកន្លែងចុះចត ឬជួយសង្រ្គោះយន្តហោះ ដែលមានបញ្ហាជាយថាហេតុ៕

អត្ថបទ៖ អក្ខរា

default