កម្ពុជា ត្រៀមបើកការចរចាជាមួយភាគីឡាវលើជម្រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្របខណ្ឌអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជា ក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា និង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ) សម្រាប់ត្រៀមចរចាជាមួយក្រុមការងារភាគីឡាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង តំណាងរដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងឯកឧត្តម លោក លោកស្រី ដែលជាតំណាងអន្តរក្រសួង ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សារកជំហររួមគ្នារបស់កម្ពុជា សម្រាប់ត្រៀមចរចាជាមួយក្រុមការងារភាគីឡាវ លើជម្រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា និង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ) បន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ/សេឡាំផៅ នេះឱ្យក្លាយជា “ស្ពានមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ” ។
បើតាមក្រសួងសាធារណការ សមិទ្ធផលនៃគម្រោងសាងសង់ស្ពាននិងផ្លូវតភ្ជាប់នេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ វិបុលភាព ក៏ដូចជាដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរបស់ប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ផងដែរថា ការសាងសង់ឱ្យបាននូវស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) នឹងក្លាយជាច្រកដ៏សំខាន់មួយទៀត ក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ (រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភូរបស់ឡាវ និងអង្គរវត្តរបស់កម្ពុជា) ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ដោយអាចកាត់បន្ថយនូវរយៈចម្ងាយធ្វើដំណើរពីខេត្តចម្ប៉ាសាក់(ឡាវ) មកកាន់ខេត្តព្រះវិហារ(កម្ពុជា) ព្រមទាំងពង្រឹងការអភិវឌ្ឍនៅតំបន់ព្រំដែនប្រកបដោយចីរភាព និងបរិយាបន្ន៕


