តើគណៈកម្មការស​ម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្ត​ការ​​វេទិ​កា​រាជរដ្ឋាភិបាល-ផ្នែកឯក​ជន ដឹកនាំ​ដោយ​អ្នកឧកញ៉ា គិត ម៉េង មាន​ភារកិច្ចអ្វីខ្លះ?

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចទទួលស្គាល់គណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលសរសេរជាអក្សរកាត់ថា គ.ស.ឯ.រ.ជ. ។ គណៈកម្មការសម្របសម្រួលមួយនេះ មានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ៧រូប សមាជិក សមាជិកា ២១រូប និងលេខធិការ ១រូប។

ក្នុងសេចក្តីសម្រេច គណៈកម្មការសម្របសម្រួលនេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់ភារកិច្ច មានដូចជា៖

-បំពេញតួនាទីជាតំណាងឱ្យក្រុមការងារតាមវិស័យនៃផ្នែកឯកជន ដើម្បីសម្របសម្រួលជាមួយ គណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រកចេញ-ចូលតែមួយ របស់ផ្នែកឯកជន ក្នុងការសម្របសម្រួល ពិនិត្យ និងបូកសរុបនូវ បញ្ហាប្រឈមនិងសំណូមពរនានារបស់វិស័យឯកជន ជូនក្រុមការងារតាមវិស័យផ្នែករាជរដ្ឋាភិបាល ពិនិត្យនិងដោះស្រាយ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

-ដឹកនាំការសម្របសម្រួល ពិនិត្យ តាមដាន និងវាយតម្លៃសកម្មភាពនៃក្រុមការងារតាមវិស័យនីមួយៗ នៃផ្នែកឯកជន និងជំរុញការដោះស្រាយបញ្ហាប្រឈមនានា ឬសំណូមពររបស់វិស័យឯកជន ជាមួយ ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងយន្តការ ពាក់ព័ន្ធដទៃទៀត ក្នុងគោលដៅលើកកម្ពស់បរិយាកាសធុរកិច្ចនិងធុរកិច្ច

-ចូលរួមសហការជាមួយ គ.ស.រ.ជ. ក្នុងកិច្ចការសម្របសម្រួលនិងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែក ឯកជន

-ទទួលបន្ទុកសម្របសម្រួលជាមួយ គ.ស.រ.ជ. ក្នុងការស្នើសុំរាជរដ្ឋាភិបាលរៀបចំបង្កើតបន្ថែម ឬរំលាយក្រុមការងារ និងស្នើសុំតែងតាំង ឬផ្លាស់ប្តូរសហប្រធាន អនុប្រធាន សមាជិកក្រុមការងារ តាមវិស័យនៃក្រុមការងារផ្នែកឯកជន តាមការចាំបាច់

-សម្របសម្រួលជូនដំណឹងដល់វិស័យឯកជនឱ្យបានជ្រាបអំពីលទ្ធផលនិងវិធានការនានា ដែល រាជរដ្ឋាភិបាលបានសម្រេចនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក៏ដូចជាលទ្ធផលនិងវិធានការ នានា ដែលក្រុមការងារតាមវិស័យផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជនបានសម្រេចរួមគ្នា

-តាមដាននិងជំរុញការអនុវត្តភារកិច្ចនៃក្រុមការងារតាមវិស័យនីមួយៗរបស់ផ្នែកឯកជន ព្រមទាំង តាមដានវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាពីស្ថាប័នមានសមត្ថកិច្ច

-រៀបចំតាក់តែងនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ក្រុមការងារតាមវិស័យនៃផ្នែកឯកជន ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានា

-អនុវត្តភារកិច្ចផ្សេងទៀតតាមការស្នើសុំសម្របសម្រួលពីក្រុមការងារទាំងអស់នៃផ្នែកឯកជន។

គួរបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ជាវេទិកាមួយដែលបង្ហាញពី សក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

ដើម្បីគាំទ្រដល់ការវិនិយោគ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានដាក់ចេញនូវច្បាប់ គោលនយោបាយ និងយន្តការសំខាន់ៗ ជាច្រើន ដូចជា ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាបាននូវបរិយាកាសវិនិយោគ ។ ជាពិសេសផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ជាដើម៕

អត្ថបទ៖ ពុទ្ធិកា