សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសន្យាបន្តធ្វើជាដៃគូយ៉ាងខ្ជាប់ខ្ចួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តាមគ្រប់ទម្រង់ ខណៈអាជ្ញាធរកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ។
ក្នុងបទអត្ថាធិប្បាយស្តីពី ទិវាយល់ដឹងអំពីការបង្ការការជួញដូរមនុស្សផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ការជួញដូរមនុស្សគឺជាវិបត្តិជាសាកលមួយ ដែលជាទម្រង់ដ៏ធ្ងន់ធ្ងរបំផុតនៃទាសភាព នៅសម័យយើង និងជាប្រភពនៃទុក្ខវេទនារបស់មនុស្ស ដែលប៉ះពាល់ដល់មនុស្សរហូតដល់ ២៧ លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោងតាមកានប៉ាន់ស្មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ២០០៧ មក សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី ១១ ខែមករា ជាទិវាជាតិយល់ដឹងអំពីការជួញដូរមនុស្ស លើកកម្ពស់ការយល់ដឹងរបស់សាធារណជន លើការជួញដូរមនុស្ស អប់រំសហគមន៍អំពីសញ្ញារបស់វា និងជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការការពារជនរងគ្រោះ។
ស្ថានទូតអាមេរិក បានបញ្ជាក់ថា កម្ពុជាមិនមែនតែឯងទេ ក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងការងារនេះទេ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដោយសារប្រាក់ពន្ធរបស់ប្រជាជនអាមេរិករាប់លានដុល្លារ (និងដោយសារការធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាដៃគូរបស់យើង) សហរដ្ឋអាមេរិក បានជួយជនរងគ្រោះដោយសារការជួញដូរចំនួនជាង ២២០០ នាក់នៅក្នុងប្រទេសកម្ពុជា និងជួយធ្វើសមាហរណកម្មក្នុងសង្គមជាតិវិញ នៃជនរងគ្រោះជាជនជាតិខ្មែរ ដែលបានរងគ្រោះដោយការជួញដូរមនុស្ស បានចំនួន ១ ៣២៦ នាក់ ដែលត្រឡប់មកពីបរទេសវិញ។ យើងបានជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលការណ៍ណែនាំ សម្រាប់ស៊ើបអង្កេត និងកាត់ទោសករណីជួញដូរមនុស្ស លើកកម្ពស់ការយល់ដឹងអំពីការផ្សព្វផ្សាយអំពីការងារក្លែងក្លាយនៅលើបណ្តាញសង្គម និងជួយរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសេវាការងារការពារនិងជួយសង្គ្រោះជនរងគ្រោះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះជាការបន្ថែមលើគម្រោងនៅទូទាំងតំបន់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៧ មក ដើម្បីពង្រឹងសមត្ថភាពរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក ឲ្យប្រកបដោយសុវត្ថិភាព ចីរភាព និងមនុស្សធម៌ ។
បើតាមស្ថានទូតអាមេរិក ចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងនានា ក្នុងទំនាក់ទំនងយូរអង្វែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាមួយកម្ពុជា គឺថា អង្គភាពអនុវត្តច្បាប់របស់យើងធ្វើការជាមួយគ្នា ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ផ្នែកស៊ើបអង្កេតសន្តិសុខនៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងអ្នកជំនាញសន្តិសុខរបស់ស្ថានទូតអាមេរិក ធ្វើការសហការជាប្រចាំជាមួយនគរបាលជាតិកម្ពុជា ដើម្បីចាប់ខ្លួនជនរំលោភបំពានផ្លូវភេទ និងសហការនៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម។ អាជ្ញាធរកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ តែយើងត្រូវតែធ្វើការបន្ថែមទៀត ។
របាយការណ៍បច្ចុប្បន្ន ប្រចាំឆ្នាំ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស មានអនុសាសន៍ចំនួន ១៧ សម្រាប់ឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាធ្វើការដោះស្រាយ នៅក្នុងឆ្នាំខាងមុខនេះ។ អនុសាសន៍ទាំងនេះរួមមានវិធីបង្កើនការកាត់ទោសជនល្មើស ការពារជនរងគ្រោះ និងការពារការកុំឱ្យមានការជួញដូរ មុនពេលវាចាប់ផ្តើម។ សំខាន់បំផុតគឺថា អនុសាសន៍ទាំងនេះត្រូវបានគាំទ្រដោយការសន្យារបស់យើងថា សហរដ្ឋអាមេរិកនឹងបន្តធ្វើជាដៃគូយ៉ាងខ្ជាប់ខ្ចួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តាមគ្រប់ទម្រង់៕
