កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ នេះជាការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម អាណាតូលី បូរូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។
ជំនួបនេះធ្វើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីសិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជានាពេលបច្ចុប្បន្នដែលជាកត្តាដ៏សំខាន់ទាក់ទាញទេសចររុស្សីមកទស្សនាកម្ពុជាបន្ថែម។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ទោះបីជាមានភាព តានតឹងផ្នែកភូមិសាស្ត្រនយោបាយជាសកល ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ បញ្ហា មួយចំនួនមជ្ឈិមបូព៌ា ប្រទេសកម្ពុជានៅតែបន្តរក្សាបាននូវភាពប្រក្រតី និងសុខុមាលភាពទាំងអស់គ្នា។ ទិដ្ឋភាពក្នុងនោះមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសកិច្ចការបរទេស និងការទូត កាន់តែមានភាពមមាញឹក ក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបានមកពីការជួយជ្រោមជ្រែងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និង មួយផ្នែកបានមកពីការជួយជ្រោមជ្រែងពីប្រទេសជាមិត្ត ដូចជាសហព័ន្ធរុស្ស៊ីជាដើម។
តាមរបាយការណ៍ពីក្រសួងទេសចរណ៍ សម្រាប់ឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង ៦,៧ លាននាក់ កើនឡើង ១,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះមានភ្ញៀវទេសចររុស្ស៊ីចំនួនជាង ៦១.៧៦៦នាក់៕
អត្ថបទ៖ អក្ខរា


