រដ្ឋមន្ត្រីកសិកម្ម​ អះអាងថា ទិន្នផលត្រីឆ្នាំនេះកើនឡើង ដោយសារការ​គ្រប់គ្រង​និង​អភិរក្សធនធានជលផលដ៏ត្រឹមត្រូវ

ផលនេសាទឆ្នាំនេះមានកំណើនយ៉ាងច្រើនសន្ទឹកសន្ធាប់ ផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំគឺមានការ កើនឡើង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនមានការកើនឡើងតែ៥ភាគរយប៉ុណ្ណេះ។

ក្នុងដំណើរចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទិន្នផលត្រីកើនឡើងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺបានពីការដឹកនាំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ។

ឯកឧត្តម បន្ថែមថា លទ្ធផលនេះ ក៏ការចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពពីមន្ត្រីជលផល កងកម្លាំងចម្រុះ សហគមន៍នេសាទ និង សាធារណជនផងដែរ ព្រោះកន្លងមកពេលចាប់បានត្រីមេពូជ ឬត្រីកម្រមួយចំនួនតែងតែលែងចូលក្នុងទន្លេវិញ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ត្រីចាប់ផ្តើមត្រូវតាមដងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ៕