នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់រឿងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី ខណៈមានការភាន់ច្រឡំ

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចែករំលែកព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី​ មរណៈ ដើម្បីជៀសវាងមានការភាន់ច្រឡំ ហើយចែករំលែកតគ្នាដោយមិនត្រឹមត្រូវ ដោយសារតែបងប្អូនមួយចំនួនជាពិសេសអ្នកដែលមិនមែនយោធិន ហាក់នៅពុំបានយល់ច្បាស់អំពីគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី​ មរណៈ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី​ គឺជាការអនុវត្តទៅតាមអនុក្រឹត្យ ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៧ ដោយក្នុងនោះបានកំណត់ដូចតទៅ៖

-ចំពោះយោធិនពលី ត្រូវបានទទួលរបបឧបត្ថម្ភដូចតទៅ៖
ប្រាក់ឧបត្ថម្ភ ស្មើនឹងទឹកប្រាក់ចំនួន៩ (ប្រាំបួនខែនៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនពលីជូនដល់គ្រួសារសព ឬកងឯកភាព ដែលទទួលបន្ទុករៀបចំធ្វើបុណ្យបូជា ឬបញ្ចុះសព។ ប្រាក់ឧបត្ថម្ភមួយលើកដំបូងជូនគ្រួសារសព ស្មើនឹងទឹកប្រាក់ចំនួន១៥ (ដប់ប្រាំ) ខែនៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនពលី។ ប្រាក់ឧបត្ថម្ភជំនួយគ្រួសារជាប្រចាំខែ ជូនដល់ប្រពន្ធ ឬប្ដី កូនបង្កើត ឪពុក ម្ដាយបង្កើត ឬអ្នកអាណាព្យាបាលរបស់យោធិនពលី តាមប្រកាសអន្តរក្រសួងរវាងក្រសួងការពារជាតិ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល ។

-យោធិនមរណៈ ត្រូវបានទទួលរបបឧបត្ថម្ភដូចតទៅ៖
ប្រាក់ឧបត្ថម្ភ ស្មើនឹងទឹកប្រាក់ចំនួន៧ខែ នៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនមរណៈ ជូនដល់គ្រួសារសព ឬកងឯកភាព ដែលទទួលបន្ទុករៀបចំធ្វើបុណ្យបូជា ឬ បញ្ចុះសព។ ប្រាក់ឧបត្ថម្ភមួយលើកដំបូងជូនគ្រួសារសពស្មើនឹងទឹកប្រាក់ចំនួន១២ខែនៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនមរណៈ។ ប្រាក់ឧបត្ថម្ភជំនួយ គ្រួសារ ប្រចាំខែជូនដល់ប្រពន្ធ ឬប្ដី កូនបង្កើត និងឪពុក ម្ដាយបង្កើត ឬអ្នកអាណាព្យាបាលរបស់យោធិនមរណៈ តាមប្រកាសអន្តរក្រសួងរវាងក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល។

-យោធិនបង្កស្លាប់ ត្រូវបានទទួលរបបឧបត្ថម្ភដូចតទៅ៖
ប្រាក់ឧបត្ថម្ភស្មើនឹងទឹកប្រាក់ចំនួន៥ខែ នៃប្រាក់បៀវត្សរ៍សរុបចុងក្រោយរបស់យោធិនបង្កស្លាប់ ជូនដល់គ្រួសារសព ឬកងឯកភាព ដែលទទួលបន្ទុករៀបចំធ្វើបុណ្យបូជា ឬបញ្ចុះសព។ ប្រាក់ឧបត្ថម្ភមួយលើកផ្តាច់ជូនដល់គ្រួសារសពស្មើនឹងទឹកប្រាក់ចំនួន១២ (ដប់ពីរ) ខែនៃប្រាក់បៀវត្សរ៍ សរុបចុងក្រោយរបស់យោធិនបង្កស្លាប់៕