រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុក «STEAM»ជាកាតាលីករដែលអាចជំរុញកម្ពុជា ឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា STEAM ជាកាតាលីករដែលអាច​ជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជាវិស្វករ និង​អ្នកវិទ្យាសាស្ត្រសម្រាប់ឧស្សាហកម្មផ្សេងៗ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះ សំណាលជាមួយក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។

STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) សិល្បៈ (Art) និងគណិតវិទ្យា (Mathematic) សំខាន់​សម្រា​ប់​កា​រ​សិ​ក្សាក្នុងបរិបទនៃការរីកចម្រើនឌីជីថលនាពេលបច្ចុប្បន្ន​ ​និងសម្រាប់ទីផ្សារការងារនាពេលអនាគត។ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា មាតាបិតាកាន់តែច្រើនបានទទួលស្គាល់ពីសារៈសំខាន់នៃការអប់រំជំនាញ STEAM និងលើកទឹកចិត្តកូនៗឱ្យសិក្សាជំនាញនេះ។

ថ្លែងទៅកាន់ក្រុមយុវជនដែលយុវជនដែលទទួលបានជ័យលាភី ហើយភាគច្រើនជាសិស្សសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា​ “នេះ​ជា​មោទនភាពសម្រាប់​ប្រទេស​កម្ពុជា សម្រាប់​គ្រួសារ និងប្អូនៗ​ក្នុងនាមជា​សិស្ស ហើយ​ក៏បង្ហាញថា ជោគជ័យ​​កើត​ឡើង​ដោយ​ការ​ខិតខំប្រឹងប្រែងពិតប្រាកដ មិន​ថាប្អូនៗរៀននៅសាលា​រដ្ឋ ឬសាលា​ឯកជន​ទេ។

ឯកឧត្តមក៏បានលើកទឹកចិត្តជ័យលាភី និងយុវជនទាំងអស់ឱ្យខិតខំបន្តទៀត ធ្វើជាបុគ្គលគំរូ និងជានវានុវត្តន៍ករនាពេលអនាគត ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗ ដែលអាចប្រើប្រាស់បាននៅទូទាំង​ពិភពលោក។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជ្រើសរើសគ្រូបង្រៀន២នាក់ និងសិស្ស៨នាក់ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែងវិទ្យាសាស្ត្រ ASEAN+3 for the Gifted in Science លើកទី១៤ ដែល​រួមមានកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សា ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

អត្ថបទ៖ ពុទ្ធិកា