កម្ពុជា-ឥណ្ឌូណេស៊ី ពេញចិត្តចំពោះការបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។

ក្នុងជំនួបនេះ ភាគីទាំងពីរបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ខណៈប្រទេសទាំងពីរមានឱកាសច្រើនថែមទៀតក្នុងការពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅក្នុងឆ្នាំ២០២៣ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្តីសោមនស្សរីករាយ ចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់ដ៏កក់ក្តៅ និងប្រកបដោយមិត្តភាពរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងជោគជ័យនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) ដែលបានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំ២០២៤ ដោយបានពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ទេសចរណ៍ និង ជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសន្ទនាជាមួយសមភាគីឥណ្ឌូណេស៊ី នាពេលខាងមុខ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រវាងកម្ពុជា និងឥណ្ឌូណេស៊ី រួមទាំងក្រោមក្របខ័ណ្ឌអាស៊ានផងដែរ៕

អត្ថបទ៖ ពុទ្ធិកា