ឯកឧត្តម ហ៊ុន ម៉ានី នាំក្រុមគ្រួសារ ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ​ដើម្បីឧទ្ទិសកុសល​ជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ នាទីព្រឹកនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។

តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់ថា៖ «ថ្ងៃនេះ ជារៀងរាល់ឆ្នាំ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយកឱកាសមុនថ្ងៃប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍មួយថ្ងៃ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជាគ្មានកំហុសបានបាត់បង់ជីវិតរាប់លាននាក់នៅក្នុងរបប ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន។

ទំនៀមទម្លាប់នៃការប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២ មកម្លេះ និងបើគិតមកទល់ពេលបច្ចុប្បន្ន នេះគឺជាលើកទី១៣ ហើយដែលយើងបានមកដល់ទីនេះជាមួយគ្នា។ បើទោះបីជាឆ្នាំ ២០២១ និង២០២២ មានវិបត្តិកូវីដ-១៩ក៏ដោយ ក៏ក្រុមគ្រួសារ ស.ស.យ.ក.នៅតែបន្តរៀបចំពិធីនេះដដែល ទោះមិនអាចមានការជួបជុំក្នុងកម្រិតធំក៏ដោយ។ ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាពេលនេះ គឺជាការរំឭកដល់ខួប ៤៦ ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ដោយភាពជោគជ័យនេះ បាននាំឲ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ» ។

ឯកឧត្តម ហ៊ុន ម៉ានី តាមរយៈការប្រារព្ធពិធីនេះ មិនត្រឹមតែបានបង្ហាញពីការរួបរួម សាមគ្គី ការរំឭករបស់ដល់ដែលបានបាត់បង់ជីវិតនាសម័យនោះទេ ក៏ប៉ុន្តែជាឱកាសក្នុងការផ្សារភ្ជាប់យុវជនជាមួយនឹងប្រវិត្តសាស្ត្រឱ្យបន្តចងចាំ និងដឹងគុណនូវការលះបង់ពីសំណាក់អតីតយុទ្ធជន បុព្វបុរសដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិ។ ជាពិសេស បានផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយមកគោរពវិញ្ញាណក្ខន្ធរបស់អតីតយុទ្ធជននៅទីតាំងជាក់ស្ដែង និងបានឃើញផ្ទាល់ភ្នែកនូវតឹកតាងដ៏ឈឺចាប់ដែលបន្សល់ទុកនៅលើទីវាលពិឃាតមួយនេះ។

លើសពីនោះថែមទៀត គឺបានរៀនយល់ដឹងពីបទពិសោធន៍ក្នុងអតីតកាលដើម្បីយកមកកែច្នៃសង្គមនាពេលបច្ចុប្បន្ន ក្នុងកាអភិវឌ្ឍជាតិនិងស្រលាញ់ជាតិមាតុភូមិ រួមគ្នាធ្វើយ៉ាងណាមិនឱ្យប្រទេសកម្ពុជាដើរជាន់ដានប្រវត្តិសាស្រ្ត និងធ្លាក់ក្នុងអតីតកាលដ៏ជូរចត់បែបនោះទៀត។

បើតាមឯកឧត្តម ហ៊ុន ម៉ានី ការនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធ មិនមែនចង់ឱ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ តែជាការផ្សារភ្ជាប់ការចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងអបអរពីអ្វីដែលខ្លួនមាននៅក្នុងពេលនេះ នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា៖ «ក្នុងនាមជាយុវជនបន្តវេន ត្រូវតែបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយ ហើយប្ដេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាកម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនៃខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់ នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស»៕