ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ គឺខួបអាពាហ៍ពិពាហ៍ ៤៩ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សម្តេចតេជោ បានបង្ហោះសារលើបណ្តាញសង្គមអបអរខួបអាពាហ៍ពិពាហ៍ ដោយភ្ជាប់ជាមួយរូបថត និងសំណេរថា៖ សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនបានរៀបការតាមបែបប្រពៃណី និងឱ្យគគ្រឹកគគ្រេងឡើយដោយសារតែកាលនោះគឺប្រជាជនកម្ពុជាកំពុងតែរងទុក្ខវេទនាក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជីវិតប្តីប្រពន្ធរវាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យ ប៉ុល ពត នោះគឺគ្មានឡើយសេចក្តីសុខ។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានតស៊ូរួមគ្នា ឆ្លងកាត់ការលំបាកជាច្រើនក្នុងសម័យខ្មែរក្រហមនោះ ប៉ុន្តែយ៉ាងណាលោកទាំងទ្វេមិនដែលបោះបង់គ្នាឡើយ។
បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាថា ឆ្នាំ២០២៦ខាងមុខ នឹងឈានដល់ខួបលើកទី៥០ឆ្នាំ សម្តេចនឹងខិតខំសរសេរបន្ថែមនូវជីវិតគ្រួសារពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៦បន្ថែមទៀត ដែលផ្តោតសំខាន់លើការកសាងគ្រួសារពិសេសលើការអប់រំកូន និងចៅ។
គួរបញ្ជាក់ផងដែរថាអនុស្សាវរីយ៍កម្សត់កម្ររបស់សម្ដេចទាំងទ្វេត្រូវបានលេីកយកមកតាក់តែងនិពន្ធជាភាពយន្ត និងបទចម្រៀងផងដែរ។ ក្នុងនោះមានដូចជាបទចម្រៀងទុក្ខស្រីប្តីព្រាត់ដែលបានធ្វើឱ្យសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតស្រក់ទឹកភ្នែករាប់លានដំណក់រួមជាមួយនិងភាពយន្កូកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មីដែលបានសម្ពោធនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣៕
អត្ថបទ៖ អក្ខរា
