ក្រសួងសាធារណការ ប្រកាសបដិសេធការចុះផ្សាយរបស់កាសែត The Cambodia Daily ជុំវិញគម្រោងកំណាត់ផ្លូវជាតិលេខ៤

ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបដិសេធការចុះផ្សាយរបស់កាសែត The Cambodia Daily Khmer ដែលបានចោទប្រកានថា មានភាពមិនប្រក្រតីជុំវិញគម្រោងកំណាត់ផ្លូវជាតិលេខ៤។

សេចក្តីបំភ្លឺព័ត៌មានក្រសួងសាធារណការ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ កាសែត THE CAMBODIA DAILY បានចុះផ្សាយព័ត៌មានតាមរយៈគេហទំព័រ “www.cambodiadaily.com” និងFacebook ផេក “The Cambodia Daily Khmer” ស្តីអំពីភាពមិន ប្រក្រតី នៃកិច្ចការលទ្ធកម្មកំណាត់ផ្លូវជាតិលេខ៤ ដោយបានចោទប្រកាន់ថា នាយកគម្រោង និងតំណាងធនាគារពិភពលោកទទួលលុយសំណូកពីក្រុមហ៊ុន Poly Changda Engineering ជាង ១លានដុល្លារអាម៉េរិក ជាថ្នូរនឹងការទទួលបានគម្រោង។

ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងប្រកាសបដិសេធ និងសូមបញ្ជាក់ថា៖ កំណាត់ផ្លូវជាតិលេខ៤ ប្រវែង ៤៣ គីឡូម៉ែត្រ ចន្លោះ គ.ម១៤៣+០០០ ដល់ គ.ម១៨៦+០០០ ត្រូវបានប្រគល់ជា “កិច្ចសន្យាជួសជុលថែទាំ” ទៅឱ្យក្រុមហ៊ុនសំណង់បរទេសមួយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ ដោយហេតុថាក្រុមហ៊ុននេះ មិនបានអនុវត្តការងារទៅតាមកាលវិភាគគ្រោងទុក មានការយឺតយ៉ាវ ហួសហេតុ ក្រសួងបានធ្វើការលុបកិច្ចសន្យាចោលហើយរឹបអូសយកប្រាក់កក់ចំនួន ៩៦៩,៨៥៧,១៩ ដុល្លារអាម៉េរិក ជាថវិកាផាកពិន័យចូលថវិការដ្ឋ។

ក្រសួងសាធារណការ បានអះអាងថា គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនដែលបានធ្វើការចរចាណាមួយ ជាមួយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ដីពីការប្រគល់កំណាត់ផ្លូវ៤៣ គីឡូម៉ែត្រ ទៅឱ្យក្រុមហ៊ុននេះ ជាថ្នូរនឹងទឹកប្រាក់នោះទេ ។ គណៈកម្មការត្រួតពិនិត្យកិច្ចលទ្ធកម្មអន្តរក្រសួង បានធ្វើលទ្ធកម្មកំណាត់ផ្លូវនេះ ប្រកបដោយតម្លាភាព អនុលោមយ៉ាងហ្មត់ចត់ទៅតាមនីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក និងនីតិវិធីលទ្ធកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានទីប្រឹក្សាលទ្ធកម្មអន្តរជាតិ ១ រូបជាជំនាញការ និងមន្ត្រីលទ្ធកម្មធនាគារពិភពលោកធ្វើការ គ្រប់គ្រង និងណែនាំជាប្រចាំទៅតាមដំណាក់កាលនីមួយៗ។ នីតិវិធីលទ្ធកម្មរបស់ធនាគារពិភពលោក តម្រូវឱ្យមានពីរដំណាក់កាល គឺដំណាក់កាលបច្ចេកទេស (Technical Part) និងដំណាក់កាលហិរញ្ញវត្ថុ មកទល់ត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នេះ យើងមិនទាន់ដឹងនៅឡើយទេថា ក្រុមហ៊ុនណា ដែលជាជ័យលាភីនៃកំណាត់ផ្លូវ ៤៣គីឡូម៉ែត្រនេះ ដោយហេតុថាកញ្ចប់ថវិកាដេញថ្លៃ (Financial Envelop) នៅមិនទាន់បើកនៅឡើយ។

សេចក្តីបំភ្លឺដែលបានបញ្ជាក់ថា ក្រសួងតែងតែអនុវត្តតាមនីតិវិធីរាល់គម្រោងស្ថាបនា ស្តារ ជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធនិងមានការចូលរួមពីភាគីពាក់ព័ន្ធផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបដិសេធការចុះផ្សាយព័ត៌មានមិនពិតខាងលើ និងស្នើឱ្យ កាសែត THE CAMBODIA DAILY ធ្វើការកែតម្រូវការចុះផ្សាយរបស់ខ្លួន៕