ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាកសិករ ក្នុងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ សូមស្តាប់តាមការណែនាំរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានសហគមន៍ និងអាជ្ញាធរដែលជាអ្នកនៅមូលដ្ឋានផ្ទាល់ អំពីសក្តានុពលទឹកដែលមានជាក់ស្តែងសម្រាប់ប្រើប្រាស់ក្នុងការបង្កបង្កើនផលស្រូវរដូវប្រាំង ដើម្បីកុំឱ្យពេលធ្វើស្រូវប្រាំងជួបបញ្ហាប្រឈមខ្វះទឹក។

ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រីដូចនេះ បានធ្វឡើងជំនួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណ ១៧០នាក់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម ថោ ជេដ្ឋា បានបញ្ជាក់ថា នៅក្នុងផែនការធ្វើស្រែប្រាំងឆ្នាំ២០២៤-២០២៥ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ បានឯកភាពគ្នាលើផែនការចំនួន ១២ ០០០ ហិកតា ប៉ុន្តែជាក់ស្តែង ប្រជាកសិករបានធ្វើស្រែប្រាំងរហូតដល់ ១៨ ០៥៦ ហិកតា គឺលើសផែនការចំនួន ៦ ០៥៦ ហិកតា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏សុំការយោគយល់ពីប្រជាកសិករចំពោះបរិមាណទឹកក្នុងអាងទឹកមានកំណត់ ក្នុងពេលដែលផ្ទៃដីស្រែរីកធំជាបន្តបន្ទាប់ ហើយស្នើឲ្យចូលរួមការពារ ថែរក្សាអាងទឹក ដើម្បីបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យប្រកបដោយនិរន្តរភាព៕
អត្ថបទ៖ ពុទ្ធិកា

