សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បង្ហាញពីទិដ្ឋភាពអភិវឌ្ឍតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្តូរមុខមាត់ថ្មីក្លាយជាតំបន់ដែលមានការរីកចម្រើនប្រសើរឡើង។
សម្តេចបវរធិបតី បានលើកឡើងថា៖ «រួមគ្នាអភិវឌ្ឍន៍សហគមន៍យើង ដែលជាគោលដៅចម្បងក្នុងការធ្វើឱ្យស្ថានភាពរស់នៅរបស់ប្រជាជនដែលធ្លាប់តែរស់នៅក្នុងតំបន់ឃ្លាតឆ្ងាយពីទីប្រជុំជន ប្រែក្លាយមកជាតំបន់ និងសហគមន៍ដែលមានការរីកចម្រើនប្រសើរឡើងនៅលើផ្នែកសេដ្ឋកិច្ច ជាពិសេស ការអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន វិស័យកសិកម្ម និងវិស័យអប់រំ ដែលជាផ្នែកសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស»។
គួរបញ្ជាក់ថា តាមចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងមានសុខុមមាលភាពកាន់តែប្រសើរឡើង។
ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្កើតជាភូមិគំរូ ក្នុងគោលបំណងធ្វើការជំរុញដល់ការរីចម្រើនផ្នែកសេដ្ឋកិច្ច សង្គមកិច្ច សុខភាព អនាម័យ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ។ មួយវិញទៀត គឺដើម្បីពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងក្នុងភូមិ និងសហគមន៍ ដោយបង្កើតជាគណៈកម្មការគ្រប់គ្រងភូមិ ក្នុងគោលដៅបណ្តុះបណ្តាលបំណិនជីវិត ជាពិសេស គឺជួយអភិវឌ្ឍនៅក្នុងភូមិ ដោយជួយរក និងភ្ជាប់ទីផ្សារជូនប្រជាកសិករ។
គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រភូមិគំរូចំនួន ៣០ភូមិ, បាននិងកំពុងអនុវត្តគម្រោងភូមិគំរូ “ភូមិសន្តិភាព” ចំនួន ៣៤ភូមិ, និងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២០៣សហគមន៍ លើសពីនេះទៀត ក្រសួងក៏បានជ្រើសរើសភូមិគន្លឹះចំនួន ៥០ភូមិ ផ្សេងទៀត នៅទូទាំង ២៥រាជធានី-ខេត្ត ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូ៕
អត្ថបទ៖ អក្ខរា
