លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អំពាវនាវឲ្យសប្បុរសជនបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារកម្ពុជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវជាថ្មីម្ដងទៀតដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពុកម៉ែបងប្អូន និងកូនក្មួយទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ក្នុងសារលិខិត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៥ជាមួយពុកម៉ែបងប្អូន កូនក្មួយទាំងអស់ ជាពិសេសជាមួយគណៈគ្រប់គ្រង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបព្រមទាំងជាមួយក្រុមគ្រួសារទារក និងកុមារទាំងអស់ ដែលបាន និងកំពុងទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

លោកជំទាវបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ និងការលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ពីសំណាក់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមគ្នាផ្ដល់សេវាពិនិត្យ និងព្យាបាល ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពម្ចាស់ការខ្ពស់ក្នុងវិជ្ជាជីវៈ។

ទន្ទឹមនេះ លោកជំទាវ ក៏អរគុណ និងកោតសរសើរ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកតាមបណ្ដាក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសឯកជន, និងសាធារណជនទាំងអស់ ចំពោះកិច្ចសហការខ្ពស់ និងការចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តី ច្រើនក្តីតាមលទ្ធភាព ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមក ដែលនេះជាការរួមចំណែកដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះរាប់លាននាក់ នៅកម្ពុជា នាពេលកន្លងមក។

លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា ចលនានៃការបរិច្ចាគដោយទឹកចិត្តសប្បុរស និងប្រកបដោយក្ដីមេត្តានេះ នឹងនៅតែបន្តជាប់ជាប្រចាំ និងកាន់តែផុសផុលថែមទៀត ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនៅកម្ពុជា ដែលនាំមកជូនជាតិមាតុភូមិ ដោយសម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក និងក្រោមការបន្តដឹកនាំប្រកបដោយថាមពល និងភាពឈ្លាសវៃរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិផ្លូវការតែមួយគត់របស់កម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ពីប្រភពស្របច្បាប់នានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» រក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយឆ្នាំៗត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០ លានដុល្លារអាម៉េរិក៕