ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDបានប្រទះឃើញសត្វក្រៀលចំនួន ២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន ៨ក្បាល។

បើតាមទីភ្នាក់ងារជំនួយអាមេរិក USAIDបានឱ្យដឹងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ថាការរកឃើញនេះបន្ទាប់ពីក្រុមជំនាញ កំពុងធ្វើជំរឿនសត្វស្លាបទាំងនេះនៅក្នុងទីតាំងផ្សេងៗគ្នាចំនួន ៧កន្លែង នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ការរកឃើញនេះដែរចាត់ទុកថាជាចំនួននមានលើសពីពេលណាៗទាំងអស់ដែលក្រុមការងារបានប្រទះឃើញនៅក្នុងដែនជម្រកនិងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន១៦ក្បាលប៉ុណ្ណោះ។
ទីភ្នាក់ងារជំនួយអាមេរិក USAID បញ្ជាក់ថា ការកើនឡើងនូវវត្តមានរបស់សត្វក្រៀលដ៏គួរឱ្យកត់សម្គាល់នេះ គឺជាសក្ខីភាពមួយចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះរបស់យើង និងជាលទ្ធផលដ៏ល្អក្នុងការបិទបញ្ចប់ឆ្នាំ ២០២៤ ដើម្បីឈានទៅបន្តការងារអភិរក្សរបស់យើងបន្តនៅក្នុងឆ្នាំ ២០២៥ ដែលពោពេញទៅដោយក្តីសង្ឃឹម និងការប្តេជ្ញាចិត្តខ្ពស់បន្ថែមទៀត។
សត្វក្រៀលទាំង ២២ ក្បាល រួមទាំងកូនៗដ៏គួរឱ្យស្រឡាញ់របស់ពួកវាទាំងនេះ ត្រូវបានសង្កេតឃើញហោះហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីយ៉ាងរីករាយ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាកំណត់ត្រាថ្មីមួយនៅក្នុងរដូវកាលនេះ។
គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ បានក្លាយជាទីតាំងដ៏ពេញនិយមមួយក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលសត្វក្រៀលបានជ្រើសរើសបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងារ។
សត្វក្រៀល បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង ក៏ប៉ុន្តែប្រភេទសត្វក្រៀលនៅអាស៊ីអាគ្នេយ៍
ដែលរួមបញ្ចូលសត្វក្រៀលតំបន់ទន្លេមេគង្គផងដែរនោះ កំពុងឈានទៅរកការផុតពូជ ប្រសិនបើមិនមានការការពារទេនោះ ដោយពួកវាត្រូវបានគេរកឃើញថាមានកាច់សំបុកចំនួនប្រហែលតិចជាង ៥០ សំបុកប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារការបាត់បង់ទីជម្រក និងកត្តាគម្រាមកំហែងផ្សេងៗទៀត៕
