អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសារបំភ្លឺទៅកាន់ផេកហ្វេសប៊ុកតាំងខ្លួនជាអ្នកកាសែតបរទេសមួយបានផ្សាយចោទប្រកាន់មកលើថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ។

លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សុទ្ធី និងការចុះផ្សាយរបស់កាសែត The Cambodia daily ថា អតីតឧកញ៉ា ហេង សិទ្ធី បានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ជនជាតិសិង្ហបុរីឈ្មោះ ភួ ហ្គេចសេង (ហៅតាក់) ចូលសញ្ជាតិខ្មែរ បានសូកប៉ាន់អគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ ស ថេត ចំនួន៥លានដុល្លារ ដើម្បីដាក់ឈ្មោះខ្លួន (ហេង សិទ្ធី) ក្នុងបញ្ជីតាមចាប់ខ្លួនរបស់នគរបាលអន្ដរជាតិ Interpol។
ឆ្លងតាមការចុះផ្សាយព័ត៌មានឥតវិជ្ជាជីវៈរបស់កាសែតឌឺខេបូឌាដេលីខាងលើនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីចរិតលក្ខណៈដែលមានចេតនាទុច្ចរិត ផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ។ ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើដល់បុគ្គលឈ្មោះ ហេង សុទ្ធី និងការចុះផ្សាយរបស់កាសែត The Cambodia daily ធ្វើការកែតម្រូវព័ត៌មានអំពីការចុះផ្សាយមិនពិតរបស់ខ្លួនឡើងវិញជាបន្ទាន់៕

