ខេត្តមីយ៉ាហ្គិ របស់ជប៉ុន ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា

អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ឯកឧត្តម ម៉ូរៃ យ៉ូស៊ីហិរ៉ូ (MURAI Yoshihi​ro) បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួប​ជាមួយ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម ម៉ូរៃ យ៉ូស៊ីហិរ៉ូ បានបញ្ជាក់ថា តាម​រយៈការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃកម្ពុជានឹងជួយជំរុញដល់ការបញ្ជូន និងទទួលកម្មសិក្សាការី និងពល​ក​រជំនាញរបស់កម្ពុជា ទៅកាន់ខេត្តមីយ៉ាហ្គិ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងនៅជប៉ុន តាមរយៈការផ្ទេរជំនាញបច្ចេកទេស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ,ឯកឧត្តម រំពឹងថា ខេត្តមីយ៉ាហ្គិនឹងអាចចូលរួមបន្ថែមទៀត លើការអភិវឌ្ឍនិងបណ្​ដុះប​ណ្ដាលធនធានមនុស្សកម្ពុជា នាថ្ងៃអនាគត។

ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តមីយ៉ាហ្គិ និងរដ្ឋាភិបាលជប៉ុនទាំងមូល ដែលតែងតែបានយកចិត្តទុកដាក់ចំពោះកម្មសិក្សាការី និងពលករជំនាញកម្ពុជា ដែលកំពុងរស់នៅ និងបម្រើការងារ នៅប្រទេសជប៉ុន។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ នឹងបន្តចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រ​ជាជន​និងប្រជាជន ក៏ដូចជាចូលរួមពង្រឹង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើជំនាញផ្នែកយានយន្ត, បច្ចេកវិទ្យា និង ឌីជីថល ដែលនឹងឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ក៏ដូចជាទីផ្សារការងារនៅប្រទេសជប៉ុនទាំងនាពេលបច្ចុប្បន្ន និងអនាគត។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តមីយ៉ាហ្គិ បន្តភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីដាក់ចេញជាផែនការអភិវឌ្ឍជាក់ស្ដែង នាថ្ងៃអនាគត៕