ម្ចាស់រថយន្ត Lexus 350 ធ្លាប់បង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បន្តបង្ហោះចោទប៉ូលិសចរាចរណ៍លួច Memory ក្នុងឡាន

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញបុរសម្នាក់ម្ចាស់រថយន្ត Lexus 350 ពាក់ផ្លាកលេខមិនប្រក្រតី និងបានបន្តបង្ហោះព័ត៌មានចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍លួច Memory ក្នុងរថយន្តរបស់ខ្លួននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

តាមបណ្តាញសង្គមរបស់បុរសម្នាក់ ដែលបើករថយន្តLexus 350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-9357 ដែលប្រើប្រាស់ផ្លាកលេខមិនប្រក្រតីត្រូវសមត្ថកិច្ចផាកពិន័យតាមច្បាប់ ១លាន២០ម៉ឺនរៀល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅគោលដៅស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី២៦នេះបានបន្តផ្សព្វផ្សាយព័ត៌មានបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់ទៅលើសមត្ថកិច្ចចរាចរណ៍ឈរគោលដៅដដែលនេះថាបានលួច Memory របស់ខ្លួននៅក្នុងរថយន្ត។

ជុំវិញការចោទប្រកាន់នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានហៅមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសចោមចៅ ចំនួន០៣នាក់មកបំភ្លឺ ខណៈម្ចាស់ Lexus 350 សមត្ថកិច្ចគ្រោងនឹងហៅមកសួរនាំជុំវិញការចោទប្រកាន់មកលើសមត្ថកិច្ចចរាចរណ៍បានលួច Memory ក្នុងរថយន្តខ្លួនដើម្បីមកបំភ្លឺ ។

ជុំវិញបុរសម្ចាស់រថយន្ត Lexus 350 ខាងលើក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលការរាយការណ៍ពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញឱ្យដឹងថា បុរសនេះធ្លាប់មានបង្កបញ្ហាគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជាបន្តបន្ទាប់មកហើយ ដូចជានៅខណ្ឌដង្កោ០១លើក បើកបររថយន្តនិយាយទូរស័ព្ទ សមត្ថកិច្ចឃាត់អប់រំនៅពេលនោះបានថតបង្ហោះសមត្ថកិច្ចនិងបបួលសមត្ថកិច្ចអុជធូបស្បថ ខណ្ឌពោធិ៍សែនជ័យ ០១លើកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពថតបង្ហោះជេរប្រមាថសមត្ថកិច្ច និងខណ្ឌច្បារអំពៅ ០១លើក ជិះម៉ូតូមិនពាក់មួកល្មើសសញ្ញាចរាចរណ៍ ហើយបានថតបង្ហោះសមត្ថកិច្ចអនុវត្តច្បាប់។

ដោយឡែកចំពោះការឃាត់ និងផាកពិន័យតាមផ្លូវច្បាប់ប្រើប្រាស់រថយន្តផ្លាកលេខមិនប្រក្រតីនៅគោលដៅស្ពានអាកាសចោមចៅ  គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ថ្នាក់លើ ខណៈបុរសនេះបើកបររថយន្តល្មើសច្បាប់ចរាចរណ៍ប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ ដោយនៅពេលនោះក៏បានធ្វើសកម្មភាព ប្រើពាក្យសម្តី និងអាកប្បកិរិយាមិនសមរម្យមកលើសមត្ថកិច្ចអនុវត្តច្បាប់ផងដែរ៕