ស្ពានអាកា​សមរត​កតេជោ ជាន់ទី១ បាន​បើកឲ្យពលរដ្ឋ​ធ្វើចរាចរណ៍ជាបណ្តោះអាសន្ន

ស្ពានអាកាសមរតកតេជោ ជាន់ទី១ ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន បានបើកឲ្យដំណើរការបណ្តោះអាសន្នហើយ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ។

បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបើកឱ្យធ្វើចរាចរស្ពានអាកាសជាន់ទី១ជាបណ្ដោះអាសន្ន នាពេលនេះ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​ជាន់​ផ្ទាល់​ដី​ និង​ងាយស្រួល​ដល់​ក្រុម​​សាងសង់​បំពេញ​ការងារ​របស់​ខ្លួន​បាន​លឿន​ និង​អាច​បញ្ចប់​គម្រោង​សាងសង់​បាន​ទាន់​ពេល​វេលា​។

គួរបញ្ជាក់ថា​ ​ ស្ពានអាកាស​មរតក​តេជោ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងផ្លូវលេខ២៧១ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌមានជ័យ ។ ស្ពានអាកាសនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០២២ និងចំណាយថវិកាសាងសង់ ៣៦លានដុល្លារ ដោយគ្រោងប្រើរយៈពេល៣៦ខែ ។

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់​ឲ្យប្រើ​ប្រាស់ជាបណ្តោះអាសន្ន ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ក្នុងគោលបំណងដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ដោយឡែកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤អាជ្ញាធររាជធានីភ្នំពេញ បានតភ្ជាប់ស្ពានអាកាសមរតកតេជោ ដំណាក់​​កាលទី២ ។ ដំណាក់កាលទី២ នេះ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ៤ខែពោល គឺបញ្ចប់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមគម្រោងគឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥៕

អត្ថបទ៖ ពុទ្ធិកា