បងប្អូនជាអតីតអ្នកកាសែត ជាភាសាអង់គ្លេស-ខ្មែរ The Cambodia Daily ក៏ត្រូវខូចឈ្មោះ ដោយសារតែមនុស្ស ២នាក់ ដែលសព្វថ្ងៃរស់នៅអាមេរិក និងមិនដែលធ្វើការនៅកាសែត The Cambodia Daily សោះ ស្រាប់តែលួចយកឈ្មោះកាសែតដ៏ល្បីល្បាញនេះ ទៅបង្កើតហ្វេសប៊ុក ហើយអង្គុយប្រឌិតរឿង ដើម្បីបង្កើតនូវព័ត៌មានក្លែងក្លាយ បន្លំមហាជនទៅវិញ។
បង ពិន ស៊ីសុវណ្ណ អតីតអ្នកកាសែត នៅកាសែត The Cambodia Daily ហើយសព្វថ្ងៃធ្វើការនៅវិទ្យុ VOA នៅអាមេរិកដែរ តើបានដឹងពីបុគ្គល ២នាក់នោះ ធ្វើអោយខូចឈ្មោះកាសែត ដែលបងបានធ្វើការយូរឆ្នាំ និងមានការទទួលស្គាល់ពីបញ្ញាវ័ន្ត ថ្នាក់ដឹកនាំ និងមហាជនទូទៅ ពិសេសអ្នកសិក្សារៀនសូត្រភាសាអង់គ្លេស ឆ្នាំ១៩៩០ ដល់ឆ្នាំជាង២០០០ តែងតែយកមករៀនបកប្រែ ឫទេ?
អ្នកសរសេរនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិត មិនតិចទេ ដែលយក និងយោងអត្តបទកាសែត ២ភាសានេះ។
ជាសរុប ក្នុងនាមខ្ញុំ ជាបុគ្គលិកផ្នែកព័ត៌មាន នៅទូរទស្សន៍ PNN ចាប់តាំងពីបង្កើតដំបូង កាលពីឆ្នាំ២០១៥ មកដល់ពេលនេះ ខ្ញុំសូម ទាត់ចោលទាំងស្រុងនូវការអង្គុយជប់ដំណឹងមិនពិត ដែលផ្សាយលើហ្វេសប៊ុក The Cambodia Daily កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
ទាំងរូបភាព និងទាំងខ្លឹមសារវិដេអូ ដែលគេអះអាងថាជាព័ត៌មាននោះ គឺមិនមែន និងមិនមាននៅស្ថានីយទូរទស្សន៍ PNN ដែលខ្ញុំ និងបុគ្គលិករាប់សិបនាក់ផ្សេងទៀត បានចេញចូលធ្វើការរាល់ថ្ងៃឡើយ៕
ដោយ៖ លោក លី ម៉េងហួរ និពន្ធនាយករងទូរទស្សន៍PNN